សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ បានចេញអនុក្រឹត្យ ទទួលស្គាល់ឧកញ៉ា ភួ វាសនា ជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង សម្រាប់អាណត្តិទី១ លើកទី២ យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
តាមរយៈអនុក្រឹត្យលេខ ៧៨២ អនក្រ.តត ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ក៏បានទទួលស្គាល់សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបាត់ដំបង ចំនួន ១៥រូប សម្រាប់អាណត្តិទី១ លើកទី២ ដែលរួមមានដូចជា៖ ១)ឧកញ៉ា ភួ វាសនា ២)លោក ពៅ ជា ៣)លោក ហ៊ុន វិបុល ៤)លោក ចាប ឃីម ៥)លោក អ៊ិត ម៉ៃខូល ៦)លោក យ៉ាន ហួត ៧)លោក ភួ អធិស័ក្ត ៨)លោកស្រី យី វណ្ណា ៩)លោក កែវ សម្បត្តិ ១០)លោក ជឹង ឆេងលី ១១)លោក ជា សុខឡេង ១២)លោក ឡូរ បូរិទ្ធ ១៣)លោក ឃុន ងួនហេង ១៤)លោក តាំង ឡេង និង ១៥)លោក ជិន ប៉ាវ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង អាណត្តិទី១ លើកទី២ ត្រូវបានធ្វើឡើងនៅមន្ទីពាណិជ្ជកម្មខេត្តបាត់ដំបង កាលពីថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២៣។ ជាលទ្ធផល ឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង សម្រាប់អាណត្តិទី១ លើកទី២នេះ ជាបន្តទៀត ហើយគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសបានសមាជិកជ្រើសតាំង ចំនួន៧រូប ដើម្បីបំពេញបន្ថែមសមាជិកចាស់ ដែលនៅក្នុងអាណត្តិ ចំនួន៨រូប បង្គ្រប់ចំនួន១៥រូប៕