ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ លោកជំទាវ ម៉ៅ ចំណាន ជា «អ្នកឧកញ៉ា» និងលោក គិត ស៊ូឡា ជា «ឧកញ៉ា» ក្នុងព្រះរាជក្រឹត្យពីរដាច់ដោយឡែកពីគ្នា តែនៅក្នុងថ្ងៃតែមួយ គឺថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។
ព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៣៨៥ របស់ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារ កូនប្រុសច្បងរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជា «ឧកញ៉ា» ខណៈដែលភរិយារបស់លោក គឺលោកជំទាវឧកញ៉ា ម៉ៅ ចំណាន ទទួលបានគោរមងារ «អ្នកឧកញ៉ា» តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៣៨៤។
សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង ដែលកាន់តំណែងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញ អស់រយៈពេលជាង ១២ឆ្នាំមកហើយ ជាស្ថាបនិកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនវិនិយោគ ជាយុទ្ធសាស្ត្ររបស់កម្ពុជា នឹងបានទទួលស្គាល់ថាជាក្រុមហ៊ុនពហុផលិតផលដ៏ធំ និងមានការវិនិយោគចម្រុះបំផុតរបស់កម្ពុជា ដូចជា វិស័យកម្សាន្ត (ស្ថានីយ៍ទូរទស្សន៍ CBS), វិស័យធនាគារ (Wing) និងវិស័យទូរគមនាគមន៍ (Cellcard) រួមទាំងវិស័យផ្សេងៗជាច្រើនទៀត៕