នាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប និងជាអគ្គនាយកក្រុមហ៊ុន ភ្នំពេញស៊ួហ្គើ ឧកញ៉ា សេង ញ៉ក់ កូនប្រសារអ្នកឧកញ៉ា លី យ៉ុងផាត់ បាននិមន្តព្រះសង្ឃ ៩អង្គ ប្រោសព្រំលើកជូនរាសីជូនថ្នាក់ដឹកនាំ បុគ្គលិកនៃស្ថានីយ៍ទូរទស្សន៍ PNN គម្រប់ខួប ៨ឆ្នាំបើកដំណើរការអាជីវកម្មសប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន នៅព្រឹកថ្ងៃទី១១ ខែកក្កដានេះ។
ក្នុងឪកាសនោះ ភរិយារបស់ឧកញ៉ា សេង ញ៉ក់ លោកស្រី លី អាផណ ព្រមទាំងឧកញ៉ាវ័យក្មេង លី ឆូកឆៃ អគ្គនាយកស្ថានីយ៍ទូរទស្សន៍ PNN ជាកូនបង្កើតអ្នកឧកញ៉ា លី យ៉ុងផាត់ ក៏បានអញ្ជើញចូលរួមផងដែរ។
PNN គឺជាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយដែលបោះទុនវិនិយោគដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងទំហំទឹកប្រាក់សរុបប្រមាណជា៤០លានដុល្លារអាមេរិក បើកដំណើការកាលពីខែមេសា ឆ្នាំ២០១៥។
ដើមឡើយ មេដឹកនាំទូទស្សន៍ PNN ត្រូវបានគេដឹងថា មានលោក Glen Felgate ជាអគ្គនាយកស្ថានីយទូរទស្សន៍PNN។ លោកធ្លាប់មានប្រវត្តិគ្រប់គ្រងទូរទស្សន៍ CTN និងក្រុមហ៊ុនព័ត៌មាននៅប្រទសមីយ៉ាន់ម៉ា។ ក្នុងនោះក៏មាន ជនជាតិថៃ លោក SupitRattichunhachot ក្នុងតំណែងជាអគ្គនាយករងទទួលបន្ទុកផ្នែកផលិតកម្មវិធី, លោក សោម ឆាយ៉ា ដែលធ្លាប់កាន់កាប់ទូរទស្សន៍ CTN ដែរនោះ ត្រូវបានតែងតាំងជាអគ្គនាយករង PNN ទទួលបន្ទុកផ្នែកព័ត៌មាន។ លោក ប៉ែន បូណា អតីតនិពន្ធនាយកវិទ្យុបារាំងអន្តរជាតិ ត្រូវបានតែងតាំងជានិពន្ធនាយកព័ត៌មាននៃ PNN។
ក្រៅពីមេដឹកនាំធំៗនៃ PNN អំឡុងកាលណោះ ការចាប់ផ្តើមស្ថានីយ៍ទូរទស្សន៍មួយនេះ ក៏ធ្វើឲ្យរង្គោះរង្គើផ្អើលដល់វិស័យសារព័ត៌មាន ស្របពេលដែលអ្នកកាសែតរបស់PNNសុទ្ធតែមានបទពិសោធន៍ព័ត៌មានខ្ពស់ ដែលសុទ្ធតែចាក់មកពីវិទ្យុអាស៊ីសេរី, ពីទូរទស្សន៍ហង្សមាស, ពីទូរទស្សន៍ CNC, ពីគេហទំព័រសប្បាយ ពីវិទ្យុស្ត្រី ១០២។ល។
មានទីតាំងក្នុងខណ្ឌជ្រោយចង្វា ជាយរាជធានីភ្នំពេញស្ទីឌីយោរបស់ទូរទស្សន៍ PNN ត្រូវបានសាងសង់ឡើងដោយចំណាយទឹកប្រាក់អស់ជាង១០លានដុល្លារអាមេរិកហើយ១០លានដុល្លារអាមេរិកផ្សេងទៀត ត្រូវបានចំណាយលើផ្នែកបច្ចេកទេស៕