លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានបង្ហើបឱ្យដឹងថា ពេលខ្លះលោកក៏មានអារម្មណ៍ថាហត់នឿយ ហើយចង់ឈប់សម្រាក ប៉ុន្តែដោយសារការស្រឡាញ់ ការចូលចិត្ត និងការជាប់ចិត្តនឹងអនាគតកុមារ និងយុវជនកម្ពុជាគ្រប់រូប ទើបធ្វើឱ្យលោកនៅតែមានកម្លាំងចិត្ត ប្រឹងប្រែងធ្វើការងារអប់រំបន្តទៅទៀត។

តាមរយៈទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃពុធនេះ លោកឧកញ៉ា ប៉ិច បូឡែន បានលើកឡើងថា ពេលខ្លះក៏ហត់ហើយចង់ឈប់ ហើយក៏ធ្លាប់សួរខ្លួនឯងថាប្រឹងម៉្លេះ ប្រឹងដើម្បីអ្វី? បើគ្រាន់តែទ្រព្យធនសមគួររស់នៅក្នុងជីវភាពថ្លៃថ្នូរមួយក្នុងសង្គមក៏មានហើយ ហេតុអ្វីនៅតែធ្វើឱ្យខ្លួនលំបាក? តែការងារអប់រំនេះ កាន់តែធ្វើ កាន់តែចូលចិត្ត កាន់តែឃើញសារៈសំខាន់ និងចន្លោះ ដែលត្រូវជួយបំពេញ។ ចិត្តនៅតែចង់ នៅតែជាប់ចិត្តនឹងអនាគតកុមារ យុវជនគ្រប់រូប។

លោកឧកញ៉ា បានបន្តថា ទោះហត់នឿយយ៉ាងណា ក៏នៅតែមានកម្លាំងចិត្ត ប្រឹងគិតប្រឹងធ្វើការងារអប់រំនេះ ក៏ព្រោះចង់ឃើញប្រទេសយើងមានការរីកចម្រើនបន្ថែមទៀត ហើយការរីកចម្រើនរបស់ប្រទេសមួយ គឺកើតចេញពីគុណភាពអប់រំល្អ និងគុណភាពធនធានមនុស្សខ្លាំងនេះឯង។
ស្ថាបនិកសាលាអន្តរជាតិ វេសឡាញ រូបនេះ បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ “ជីវិតខ្ញុំមិនមែនរស់នៅសម្រាប់តែខ្លួនឯង និងក្រុមគ្រួសារទេ តែសម្រាប់ការអប់រំ និងការអភិវឌ្ឍសង្គមជាតិផងដែរ។ ខ្ញុំតែងតែគិតថាមនុស្សយើងម្នាក់កើតមក គឺដើម្បីបុព្វហេតុណាមួយ។ ចំពោះខ្ញុំ ខ្ញុំកើតមកដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំ និងអភិវឌ្ឍធនធានមនុស្សនេះ។ ដូចនេះ ទោះបីហត់យ៉ាងណា ខ្ញុំនឹងបន្តបេសកកម្មនេះ ហើយខ្ញុំនឹងខំប្រឹងធ្វើឱ្យល្អ ដើម្បីកូនៗខ្ញុំ និងកូនខ្មែរគ្រប់រូប”។

សូមជម្រាបថា ឧកញ៉ា ប៉ិច បូឡែន កំពុងកាន់តួនាទីសំខាន់ៗជាច្រើនដូចជា អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប, ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ហើយលោកក៏ទើបជាប់ឆ្នោត កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ បន្តធ្វើជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា អាណត្តិ ២០២៤-២០២៦ ផងដែរ៕