អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នៅរសៀលថ្ងៃពុធនេះ បានចេញមកបកស្រាយចម្ងល់មួយ ពាក់ព័ន្ធនឹងឃ្លិបវីដេអូអំឡុងពេលសម្តេចតេជោ ហ៊ុន សែន កំពុងថ្លែងសុន្ទរកថាលើរឿងភូមិសម្តេច ហេង សំរិន កាលពីខែសីហា ឆ្នាំ២០២០។ អ្នកឧកញ៉ា បានឱ្យដឹងថា កំឡុងពេលនោះគឺ អ្នកឧកញ៉ា មានបញ្ហាឈឺភ្នែក និងហូរញើសចូលភ្នែក ទើបលោកយកដៃជូតញើសចេញ ហើយគ្មានន័យអ្វីផ្សេង ដូចជនមួយក្រុមតូចបានបង្កាច់បង្ខូចនោះទេ។

អ្នកឧកញ៉ា បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖ “ខ្ញុំបានឃើញវីដេអូនេះដែរ តែខ្ញុំមិនទម្លាប់តបតទេ។ ដើម្បីកុំឱ្យប្រិយមិត្តយើងមានចម្ងល់តទៅមុខទៀត ខ្ញុំសូមជម្រាបថា នាឱកាសនោះ ខ្ញុំឈឺភ្នែក នៅពេលត្រូវចំណាំងថ្ងៃចាំងមកចំ វាហូរញើសចូលភ្នែក ខ្ញុំក៏ជូតញើសចេញទៅ។ ជិតមួយជីវិតរបស់ខ្ញុំទៅហើយ មិនដែលបានក្បត់គណបក្សប្រជាជនកម្ពុជាម្តងណាឡើយ”។

អ្នកឧកញ៉ា សមាជិកព្រឹទ្ធសភា បានបន្ថែមទៀតថា ឱ្យតែជិតដល់ថ្ងៃបោះឆ្នោតម្តងៗ ពួកគេតែងតែប្រឌិតរឿងប្លែកៗ ជាពិសេសពួកគេតែងតែ យករូបរបស់លោកទៅដាក់បញ្ចូល ដើម្បីជាការញុះញង់ និងដើម្បីយកចំណេញផ្នែកនយោបាយតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ភូមិខ្មែរមួយចំនួន ដែលចូលទៅភាគីវៀតណាម ដោយសារតែខ្សែបន្ទាត់ព្រំដែន របស់បារាំងបានគូសបែបនោះ។ ហេតុនេះហើយទើបកម្ពុជា និងវៀតណាម បានព្រមព្រៀងគ្នាក្នុងការដោះដូរដីភូមិរៀងៗខ្លួន។ ចំណែកពាក់ព័ន្ធនឹងរឿងភូមិសម្តេច ហេង សំរិន ភាគីកម្ពុជា-វៀតណាម បានព្រមព្រៀងគ្នា ដោះស្រាយបញ្ហានេះ ដោយយកចំណុចទី៣ គឺត្រូវដូរខ្សែព្រំដែន ដោយគូសខ្សែព្រំដែនថ្មី ព័ទ្ធយកភូមិសម្តេច ហេង សំរិន ឱ្យមកនៅក្នុងដីខ្មែរ ព្រមទាំងបានដោះស្រាយចប់សព្វគ្រប់យូរមកហើយ៕