តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង ដែលមានទីតាំងនៅជាប់ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បានផ្លាស់ប្តូរឈ្មោះថ្មីទៅជា «តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ» (Royal Group Phnom Penh Special Economic Zone) វិញ ហើយក្រុមការងារបានកែលម្អឈ្មោះថ្មីរួចរាល់ជាផ្លូវការ នៅថ្ងៃទី១២ ខែកក្កដា ម្សិលមិញនេះ។

គម្រោងកែលម្អផ្លាស់ប្តូរឈ្មោះថ្មីនេះ គឺត្រូវបានរៀបចំឡើងបន្ទាប់ពីទទួលបានគោលការណ៍ឯកភាពពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។ ក្លោងទ្វារធំថ្មីនេះ បានបង្ហាញឱ្យឃើញពីនិមិត្តសញ្ញា «ម្គុដ» របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធមេ រ៉ូយ៉ាល់ គ្រុប នៅចំណុចកណ្តាលតែម្តង។ ជាពិសេស ក្លោងទ្វារធំថ្មីនេះ បានបង្កើនពីច្រកចំនួនពីរ ទៅជា ៣ច្រក ដែលកាន់តែធំទូលាយជាងមុន និងងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ ឬដឹកទំនិញចេញ-ចូល។


គួរបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ត្រូវបានបង្កើតទ្បើង បន្ទាប់ពីបានទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦។ តំបន់សេដ្ឋកិច្ចពិសេសនេះ មានផ្ទៃដីប្រមាណ ៤៥០ហិកតា និងមានក្រុមហ៊ុនអន្តរជាតិជាង ៨០ មកពី ១៥ប្រទេសផ្សេងៗគ្នា។

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បង្កើតទ្បើងដើម្បីផ្តល់នូវការលើកទឹកចិត្ត និងអត្ថប្រយោជន៍ជាច្រើន ដល់អ្នកអភិវឌ្ឍន៍ ប្រតិបត្តិករ និងអ្នកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដូចជា ការលើកទឹកចិត្តផ្នែកពន្ធ ហើយជួយកាត់បន្ថយការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ទឹកភ្លើង វត្ថុធាតុដើម និងធនធានផ្សេងទៀត ដែលបង្កើនការប្រកួតប្រជែងក្នុងការនាំចេញ និងផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជកម្មអន្តរជាតិ៕





