អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងអ្នកឧកញ៉ា លី ឃុនថៃ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមពិធីសម្ពោធ វិមានរំឭកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅសួនមុខស្ថានទូតបារាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ។


ពិធីសម្ពោធវិមានជាប្រវត្តិសាស្ត្រខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថានទូតបារាំង សម្តេច ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្ត្រីរាជការ និងសិស្សានុសិស្សជាច្រើននាក់ទៀតផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់វិមាននេះ ធ្វើឱ្យរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ច និងវប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានវ័យចំណាស់ ៥៨៩ឆ្នាំ មកហើយនោះ នឹងក្លាយជា រាជធានីប្រវត្តិសាស្ត្រ ប្រកបដោយមោទនភាពជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏គួរឱ្យចងចាំសម្រាប់មនុស្សគ្រប់ជំនាន់។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកជាសំណូមពរ សូមឱ្យភ្ញៀវទេសចរណ៍ជនជាតិបារាំង អញ្ជើញមកទស្សនាវិមាននេះឱ្យបានច្រើន និងអាចដាក់កម្រងផ្កាដើម្បីឧទ្ទិសជូននាយទាហ៊ានដែលបានពលីជីវិត។


សូមបញ្ជាក់ថា វិមានរំឭកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ បានសាងសង់ឡើងលើកដំបូង ក្នុងឆ្នាំ១៩២៥ ស្ថិតក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថ ប៉ុន្តែវិមាននេះ ត្រូវបានបាត់បង់ទ្រង់ទ្រាយស្ទើរទាំងស្រុង ក្នុងសម័យប៉ុលពត ដោយសារការបំផ្ទុះគ្រាប់បែបកំទេច។ ទោះយ៉ាងណា វិមានមួយនេះ ត្រូវបានសាងសង់ជាលើកទី២ ក្នុងទីតាំងដដែល និងរក្សាបែបបទដដែល នៅឆ្នាំ២០២៣នេះ បន្ទាប់ពីទទួលបានការអនុញ្ញាតពីសម្តេចតេជោ ក្រោយពីលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី បានផ្តួចផ្តើមសំណើឡើង។



ការសាងសង់វិមាននេះឡើងវិញ ក្នុងបំណងដូចសម័យមុនដែរ ពោលគឺនៅតែរំឭកដល់ពលិកម្មរបស់កម្ពុជា ក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង អំឡុងសង្គ្រាមលោកលើកទី១ និងដើម្បីពង្រឹងចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជា-បារាំង ឱ្យរឹតតែរឹងមាំ ឋិតថេរយូរអង្វែងតទៅ៕