ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារជូនដល់ឯកឧត្តម ហ៊ុន សាន ជា«អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន» នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៥០៩។
ក្នុងព្រះរាជក្រឹត្យព្រះករុណា ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលបានទ្រង់យល់ ឯកឧត្តម ហ៊ុន សាន បានបរិច្ចាគកម្លាំងកាយ-ចិត្ត និងទ្រព្យធនប្រកបដោយ សទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត បូជាចំពោះសង្គមជាតិ និងបានជួយកសាងសមិទ្ធផលនានា ជួយឧបត្ថម្ភដល់ជនក្រីក្រគ្មានទីពំនឹងទាំងឡាយ ប្រកបដោយមហាសប្បុរសធម៌ មនុស្សធម៌ដ៏ឧត្តុង្គឧត្តមនៅកម្ពុជា។ ឯកឧត្តម ហ៊ុន សាន ដែលប្រកបដោយសេចក្ដីរាប់អានដ៏ប្រសើរខ្ពង់ខ្ពស់ បានប្រកាន់ខ្ជាប់ក្នុងសេចក្តីស្រឡាញ់ដ៏វិសេស ហ្មត់ហ្មង ឥតមន្ទិល សេចក្តីបរិសុទ្ធក្នុងព្រះធម៌ បូជាចំពោះព្រះពុទ្ធសាសនា ។
បើតាមព្រះរាជក្រឹត្យដដែល ព្រះមហាក្សត្រ បានទ្រង់យល់ ឯកឧត្តម ហ៊ុន សាន បានចូលរួមការងារបម្រើជាតិ មាតុភូមិ តាមរដ្ឋធម្មនុញ្ញនៃកម្ពុជា ឆ្នាំ១៩៩៣ កសាងបាននូវសន្តិភាពជាតិ ឯកភាពជាតិសេដ្ឋកិច្ចជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ និងមានស្ថិរភាព សន្តិសុខសង្គម បានល្អប្រសើរ ព្រមទាំងរក្សា និងការពារបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដីក្រោមកិច្ចដឹកនាំដ៏ឆ្នើមឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវជាបងប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន ជាកូនបង្កើតអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង។ បច្ចុប្បន្នឯកឧត្តម ហ៊ុន សាន ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២៕