កូនស្រីទី២ របស់លោកស្រីឧកញ៉ា តី វ៉ាវ៉ាន់ថន មានឈ្មោះថា Vichita Suksai បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកច្បាប់ នៅសាកលវិទ្យាល័យ ស៊ីធីនៃទីក្រុងឡុងដ៍ (City University of London) ប្រទេសអង់គ្លេស កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។

ឧកញ៉ា តី វ៉ាវ៉ាន់ថន បានបង្ហាញឱ្យដឹង កាលពីថ្ងៃសុក្រយ៉ាងដូច្នេះថា៖ “ថ្ងៃនេះ ជាថ្ងៃដែលខ្ញុំមានសេចក្តីសោមនស្សរីករាយដ៏ក្រៃលែង ហើយជាក្តីប្រាថ្នារបស់ខ្ញុំផងដែរ។ ម៉ាក់សូមអរគុណកូនស្រីទី២ ដែលបានខិតខំប្រឹងប្រែងបំពេញក្តីប្រាថ្នារបស់ម៉ាក់ ដោយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកច្បាប់ នៅសាកលវិទ្យាល័យស៊ីធីនៃទីក្រុងទ្បុង( City University of London) ដោយជោគជ័យ។ ម៉ាក់ សូមជូនពរកូនស្រី សូមកូនមានសុខភាពល្អ អាយុវែង ជោគជ័យ និងមានសំណាងក្នុងជីវិត។ Mom is so proud of you”។

លោកស្រីឧកញ៉ា បានបន្ថែមថា ក្តីប្រាថ្នារបស់លោកស្រី គឺមិនចង់បានអ្វីទេ ក្រៅពីចង់ឃើញកូនៗមានសេចក្តីសុខ ជោគជ័យក្នុងជីវិត ពីព្រោះលោកស្រីជាអ្នកបង្កើតពួកគាត់។ ដោយទ្បែក ឪពុកម្តាយ លោកស្រីបានបម្រើពួកគាត់ ជូនដំណើរពួកគាត់ដល់សុគតិភពហើយ។ សល់ពីនោះ ជីវិតលោកស្រីស្លាប់ថ្ងៃណា ពេលណា ដោយសារអ្វី ក៏អត់សោកស្តាយទេ។ សូមគុណបុណ្យនៃអំពើល្អ ដែលលោកស្រីបានធ្វើដោយចិត្តស្មោះសរជួយទ្រទ្រង់លោកស្រីឱ្យរឹងមាំ ប្រឈមមុខគ្រប់ឧបសគ្គ ដើម្បីជាជន្ទល់ជួយរុញច្រានកូនៗឱ្យបានដល់កោះត្រើយផងចុះ។

សូមជម្រាបថា លោកស្រី តី វ៉ាវ៉ាន់ថន ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជប្រទាន គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ ស្វាមីរបស់លោកស្រី គឺលោកបណ្ឌិត ឆាត សុឆេត ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀន ហើយលោកស្រីមានកូនចំនួន ៣នាក់ (ប្រុសម្នាក់)។ កាលពីចុងខែឧសភា ឆ្នាំ២០២៣ កូនស្រីពៅរបស់លោកស្រី ក៏ទើបបានបញ្ចប់ការសិក្សាដោយជោគជ័យថ្នាក់មធ្យមសិក្សា នៅសាលាអន្តរជាតិភ្នំពេញ (ISPP) ផងដែរ៕


