ទោះបីមានស្វាមីជាសេដ្ឋីកសិឧស្សាហកម្មដ៏ល្បីល្បាញនៅកម្ពុជាយ៉ាងណាក្តី ក៏លោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី ភរិយារបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នៅតែឆ្លៀតពេលធ្វើទឹកប្រហុកលក់រាប់រយដបដោយផ្ទាល់ដៃ ដោយក្នុងមួយដបលក់ក្នុងតម្លៃ ២ម៉ឺនរៀល។

បើតាមលោកជំទាវ ម៉ុង សុធា កូនស្រីច្បងរបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហើបឱ្យដឹង កាលពីថ្ងៃសុក្រថា ទឹកប្រហុកលាយគ្រឿងស្រាប់ មានលក់ទៀតហើយ បន្ទាប់ពីអ្នកម្តាយរបស់លោកស្រីទើបតែធ្វើរួចថ្មីៗ។ លោកស្រី ឱ្យដឹងទៀតថា ទឹកប្រហុកនេះ គ្រាន់តែយកទៅញ៉ាំជាមួយគោដុត សាច់គោអាំង ពោះគោ អណ្តាតគោឆ្ងាញ់ខ្លាំងណាស់ ហើយ១ដប តម្លៃ ២០,០០០រៀល។ ចំពោះចម្ងល់ទាក់ទងនឹងទឹកប្រហុកមានពណ៌ក្រហម លោកស្រី បានបញ្ជាក់ឱ្យដឹងថា គ្រាន់ដាក់ម្ទេសយកពណ៌ប៉ុណ្ណោះ។

សូមជម្រាបថា លោកស្រី ម៉ែន ស៊ុន ទោះបីមានងារជាជំទាវ ប៉ុន្តែលោកស្រីពុំដែលប្រកាន់ការងារ ប្រើប្រាស់របស់ប្រ៊េនៗ ដែលមានតម្លៃថ្លៃនោះទេ ពោលគឺលោកជំទាវប្រើប្រាស់ជីវិតសាមញ្ញបំផុត ប៉ុន្តែអាចជួយការងារស្វាមីបានច្រើន។ ក្រៅពីការងារធ្វើកសិកម្មជាមួយស្វាមី លោកជំទាវ ជាចុងភៅចម្អិនម្ហូបអាហារឱ្យបុគ្គលិក និងកម្មករ ព្រមទាំងឆ្លៀតពេលធ្វើមុខម្ហូបខ្មែរផ្សេងៗដោយផ្ទាល់ដៃ ដើម្បីលក់បន្ថែមទៀតផង៕



