ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ លោកឧកញ៉ា ពុង ឃាវសែ ម្ចាស់ធនាគារកាណាឌីយ៉ា ជា «អ្នកឧកញ៉ា» នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។
លោកឧកញ៉ា ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា OCIC , ជាម្ចាស់គម្រោងសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា តម្លៃ ៣៨លានដុល្លារ, សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា ហៅកាត់ខេមតិច, ម្ចាស់ផ្សារទំនើបសូរិយា ផ្សារទំនើបសុវណ្ណា និងផ្សារទំនើបអូឡាំព្យា។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេ និងឈានមុខគេក្នុងប្រទេសកម្ពុជា តាមទំហំវិនិយោគ និងចំនួនគម្រោងដែលបានអភិវឌ្ឍ។ ជំនាញស្នូលរបស់ក្រុមហ៊ុនគឺនៅក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ ទីក្រុងរណប និងការគ្រប់គ្រងអចលនទ្រព្យ ជាមួយនឹងគម្រោងសំខាន់ៗដូចជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ទីក្រុងកោះពេជ្រ កោះនរា និងទីក្រុងរណបជ្រោយចង្វារ និង Olympia City Complex ជាដើម។ ក្រៅពីមានមុខជំនួញជាច្រើននៅក្នុងដៃ អ្នកឧកញ៉ា ក៏ជាប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាអនុប្រធាន សមាគមមិត្តភាពកម្ពុជា-ឡាវ ព្រមទាំងតួនាទីនៅក្នុងសមាគមមួយចំនួនទៀត៕