ចម្ការល្ម៉ើ ឬហៅថា ចម្ការតាខ្នារបស់លោកឧកញ៉ា លីម ប៊ុណ្ណា កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនទាំងក្នុងនិងក្រៅប្រទេស មន្រ្តីគ្រប់ជាន់ថ្នាក់ ដោយសារតែគំនិតច្នៃប្រឌិត ប្រកបដោយភាពប៉ិនប្រសព្វ ដោយមានការកែច្នៃផ្លែល្ម៉ើទៅបញ្ចូលព្រមទាំងបង្កើតបានភេសជ្ជៈជាច្រើនមុខ។
ចម្ការតាខ្នារបស់លោកឧកញ៉ា លីម ប៊ុណ្ណា និងលោកជំទាវ ថុង ធីតា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៦ មកម្ល៉េះ ហើយមកទល់ពេលនេះមានរយៈពេល៧ឆ្នាំហើយ ដោយមានទីតាំងស្ថិតនៅខេត្តកំពង់ធំ។ ចម្ការនេះ ត្រូវបានដាំដុះដោយយកចិត្តទុកដាក់ខ្ពស់ពីអ្នកជំនាញផ្នែកកសិកម្ម ក្នុងការមើលថែ ទើបធ្វើឱ្យល្ម៉ើមានរសជាតិ ឆ្ញាញ់ ស្រួយ ផ្អែម និងមិនចត់។
បើតាមអ្នកជំនាញមើលថែដំណាំល្ម៉ើនៅក្នុងចម្ការលោកឧកញ៉ា បានឱ្យដឹងថា នៅក្នុងការដាំដុះល្ម៉ើនេះ គឺចាយពេលអស់៧ឆ្នាំ ទើបទទួលបានទិន្នផលល្អៗបែបនេះត្រូវចិត្តអតិថិជនចង់បាន។ លោកបន្តថា៖ ” ល្ម៉ើនៅចម្ការតាខ្នានេះ ជាប្រភេទល្ម៉ើហូបស្រស់ ដាំដុះដោយធម្មជាតិ មិនប្រើសារធាតុគីមីឡើយ ដោយនៅក្នុងមួយឆ្នាំៗ អាចប្រមូលទិន្នផលបានជិត៦០តោន”។
ថ្លែងនៅក្នុងវីដេអូ ស្ថិតនៅក្នុងចម្ការតាខ្នា អ្នកគាំទ្រ បាននិយាយថា៖ “ចំណុចពិសេសនៅក្នុងចម្ការនេះ ក្រៅពីល្ម៉ើធម្មជាតិ គឺមានកាហ្វេល្ម៉ើ ដោយកាហ្វេនេះមិនប្រើស្ករទេ ជំនួសវិញដោយទឹកល្ម៉ើ។ ហើយរសជាតិនេះគ្មាននៅកន្លែងផ្សេងនោះទេ មានតែនៅក្នុងចម្ការតាខ្នាមួយប៉ុណ្ណោះ។ ក្រៅពីការហ្វេល្ម៉ើ ក៏មានផងដែរនូវ ទឹកល្ម៉ើស្រស់ និងល្ម៉ើទឹកដោះគោជាដើម”។
សូមជម្រាបជូនផងដែរថា លោកឧកញ៉ា លីម ប៊ុណ្ណា គឺជាអគ្គនាយកក្រុមហ៊ុន អិលប៊ីអិន គ្រុប (LBN Group) ដែលជាក្រុមហ៊ុនបណ្ដុំទៅដោយអាជីវកម្មជាច្រើនរួមមាន អចលទ្រព្យ និងសំណង់, វិស័យកសិកម្ម និងឧស្សាហកម្ម, ការដឹកជញ្ជូន និងនាំចេញនាំចូល, ស្ថានីយប្រេងឥន្ធនៈ និងមីនីម៉ាត, ភោជនីយដ្ឋាន និងហាងកាហ្វេ, សណ្ឋាគារ និងស្កាយបារ, ក្លឹបបាល់ទាត់, ម៉ាស្សា ស្បារ និងខេធីវី, រមណីយដ្ឋាន និងតំបន់អេកូទេសចរណ៍ និងសហគ្រាសកែច្នៃផ្លែឈើ៕
អត្ថបទ៖ សុធា