ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេច ព្រះបរមនាថ ព្រះមហាក្សត្រនៃកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វ ព្រះរាជហឬទ័យប្រោសព្រះរាជទាន ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំឧកញ៉ា លោកជំទាវឧកញ៉ា ជាអនុប្រធាន ជាក្រុមប្រឹក្សាភិបាល អគ្គហិរញ្ញិក ឧត្តមទីប្រឹក្សា និងសមាជិក ចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង វេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។


ក្នុងឱកាសនោះ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោ SME បាននាំមកនូវតង្វាយថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានជា៖ អង្ករ ចំនួន៥០តោន និងថវិកាចំនួន១០០ ០០០ ០០០៛ (មួយរយលានរៀល) ដើម្បីថ្វាយនូវការចូលរួមដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តុងឧត្តមរបស់ព្រះអង្គឱ្យសម្រេចទទួលបានមហាជោគជ័យដ៏ត្រចេះត្រចង់បន្ថែមទៀត។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឧកញ៉ា តែ តាំងប៉ បានទូលថ្វាយព្រះករុណា ព្រះមហាក្សត្រ អំពីឯកសណ្ឋានគោរមងារផ្លូវការរបស់អ្នកឧកញ៉ា ឧកញ៉ាក្នុងព្រះរាជាណាចក្រកម្ពុជា ដោយយោងតាមអនុក្រឹត្យលេខ ២២៦ អនក្រ.បក ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ឧកញ៉ា តែ តាំងប៉ បានទូលថ្វាយបន្តអំពីឯកសណ្ឋានគោរមងារផ្លូវការ មានដូចជា សញ្ញាស័ក្តិ មេដាយ និងបន្តោងខ្សែក ជូនឧកញ៉ា និងអ្នកឧកញ៉ានៅកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងពេលចូលរួមពិធីបុណ្យជាតិ បុណ្យប្រពៃណីជាតិ និងពិធីផ្សេងៗទៅតាមគោរមងារ និងអតីតភាពនីមួយៗ៕





