អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយាល់ គ្រុប កាលពីព្រលប់ថ្ងៃទី១៧ ខែកក្កដា បានបង្ហាញរូបថតរបស់លោក កាលពីជាង៣០ឆ្នាំមុន និងបានកត់សម្គាល់ឃើញថារូបមួយសន្លឹកនេះ គឺពិតជាស្ទើរដូចគ្នាទាំងស្រុងជាមួយនឹងរូបថតកូនប្រុសរបស់លោក ឧកញ៉ា គិត ស៊ូឡា ដែលទើបថតកាលពីពេលថ្មីៗកន្លងទៅនេះ។

អ្នកឧកញ៉ា ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហោះរូបថតឈរក្នុងកាយវិការដូចគ្នាជាមួយនឹងកូនប្រុស ភ្ជាប់ជាមួយនឹងសារ យ៉ាងដូច្នេះថា៖ “ខ្ញុំទើបតែកត់សម្គាល់ពីរូបភាពនេះ ដែលកូនប្រុសរបស់ខ្ញុំ ស៊ូឡា និងខ្ញុំបានឈរក្នុងកាយវិការដូចគ្នាបេះបិតក្នុងរូបភាពរបស់ខ្ញុំជាង៣០ឆ្នាំមុន និងរូប ស៊ូឡា ដែលបានថតថ្មីៗនេះ”។
លោក គិត ស៊ូឡា វ័យ១៨ឆ្នាំ ទើបត្រូវបានព្រះមហាក្សត្រ ត្រាប់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ខណៈដែលម្តាយរបស់លោក គឺលោកជំទាវ ម៉ៅ ចំណាន នាយិកាប្រតិបត្តិក្រុមហ៊ុន រ៉ូយាល់ គ្រុប ក៏ទទួលបានគោរមងារ «អ្នកឧកញ៉ា» ក្នុងថ្ងៃជាមួយគ្នាផងដែរ។

សូមជម្រាបថា ឧកញ៉ា គិត ស៊ូឡា ជាកូនប្រុសច្បងក្នុងចំណោមបងប្អូន ៥ នាក់ របស់អ្នកឧកញ៉ា គិត ម៉េង ដែលជាចំណងដៃអាពាហ៍ពិពាហ៍ជាមួយ អ្នកឧកញ៉ា ម៉ៅ ចំណាន។ ឧកញ៉ា គិត ស៊ូឡា ត្រូវបានគេកត់សម្គាល់ឃើញថា ជាកូនប្រុសច្បងដ៏មានឥទ្ធិពល ដែលនឹងមកទទួលមើលខុសត្រូវគ្រប់គ្រងអាណាចក្រជំនួញបន្តវេនពីអ្នកឧកញ៉ា គិត ម៉េង នាពេលខាងមុខ ខណៈដែលបច្ចុប្បន្នយុវជន ស៊ូឡា បង្ហាញវត្តមានអមជាមួយឪពុកស្ទើរគ្រប់កម្មវិធីធំៗទាំងកម្រិតជាតិ តំបន់ និងពិភពលោក៕
