លោកស្រីឧកញ៉ា ប៊ុន ណារី អគ្គនាយិកាសាលាញូវហ្គេតវ៉េអន្តរជាតិ បានក្លាយជាសមាជិកថ្មី នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធសេវាអប់រំនៅកម្ពុជា កាលដើមខែកក្កដា ឆ្នាំ២០២៣នេះ។
សាលាញូវហ្គេតវ៉េអន្តរជាតិ ជាសាលាមួយដែលមានកម្មវិធីសិក្សា៖ ចំណេះទូទៅភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ចាប់ពីមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ។ សាលាញូវហ្គេតវ៉េអន្តរជាតិ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ដោយឧកញ៉ា ប៊ុន ណារី ដែលមានបទពិសោធន៍ក្នុងតួនាទីជាអ្នកដឹកនាំ ទាំងកម្រិតក្នុងស្រុក និងអន្តរជាតិ រយៈពេលជាង ៣០ឆ្នាំ និងបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីប្រទេសអង់គ្លេស។ បច្ចុប្បន្នសាលាញូវហ្គេតវ៉េអន្តរជាតិ របស់ឧកញ៉ា ប៊ុន ណារី មាន២សាខា ដែលសាខាទី១ ស្ថិតនៅផ្លូវ ១៥៦ កែងផ្លូវ ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា និងសាខាទី២ នៅផ្លូវ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សហព័ន្ធសេវាអប់រំនៅកម្ពុជា ជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញមួយ ដែលបង្កើតឡើងនៅឆ្នាំ២០២០ ដោយមានគោលបំណង និងចក្ខុវិស័យ លើកកម្ពស់ស្តង់ដាអប់រំ និងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា តាមរយៈការចូលរួមសហការគ្នារវាងសាលាឯកជនជាង ១០០, មជ្ឈមណ្ឌលបណ្តុះបណ្តាល, សមាគមអប់រំ និងក្រុមហ៊ុនបច្ចេកវិទ្យាទាក់ទងនឹងការអប់រំ ជាដើម។ បច្ចុប្បន្ន សហព័ន្ធសេវាអប់រំនៅកម្ពុជា ដឹកនាំដោយលោក គង់ សំនៀង ជាប្រធានសហព័ន្ធ ក្នុងអាណត្តិឆ្នាំ២០២៣-២០២៥ ព្រមទាំងមានអនុប្រធាន និងសមាជិក ជាច្រើនរូបផ្សេងទៀត៕