អ្នកឧកញ៉ា លី ឃុនថៃ៖ កម្ពុជានៅតែជាប្រទេសអាទិភាពដែលអំណោយផលដល់ការវិនិយោគទូទៅទំាងនៅក្នុងនិងក្រៅស្រុក

ជុំវិញ​ឧកញ៉ា

មកដល់ពេលនេះកម្ពុជា នៅតែជាប្រទេសអាទិភាពដែលអំណោយផលដល់ការវិនិយោគទូទៅ មិនថាជាការវិនិយោគក្នុងស្រុក ឬវិនិយោគពីក្រៅស្រុក។ នេះយោងតាមអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសិក្ខាសាលាស្តីពី«បច្ចុប្បន្នភាពច្បាប់ស្តីពីវិនិយោគកម្ពុជា»កាលថ្មីៗនេះអ្នកឧកញ៉ា លី ឃុនថៃ មានប្រសាសន៍ថា «តាមរយៈកត្តាស្ថិរភាពនយោបាយ សន្តិភាព ទីតាំងភូមិសាស្ត្រ កម្លាំងពលកម្ម ហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋអនុគ្រោះពន្ឋ និងលក្ខខណ្ឌអនុគ្រោះមួយចំនួនទៀត បានបង្កលក្ខណៈងាយស្រួលដល់វិនិយោគិន ហើយជាសមិទ្ឋផលទំាងនេះបានដោយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ឋជាពិសេសស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា»។

បើតាមអ្នកឧកញ៉ា លី ឃុនថៃ បច្ចុប្បន្នវិស័យឧស្សាហកម្មនៅទូទាំងប្រទេសមានចំនួន ១៧.២៥៦សហគ្រាស ដែលបានផ្តល់ឱកាសការងារដល់កម្មករនិយោជិតជាង១,៥លាននាក់។ ក្រៅពីនេះ វិស័យនេះក៏ជាប្រភពនៃការជំរុញសេដ្ឋកិច្ច ផ្ទេរបច្ចេកវិទ្យា និងបើកទីផ្សារថ្មីសម្រាប់អាជីវកម្មកម្ពុជា នៅពេលដែលវិស័យនេះបន្តរីកចម្រើន វានឹងដើរតួនាទីកាន់តែសំខាន់ក្នុងការអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិ ។

លោកបណ្ឌិត សួន សុផល ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងការជំរុញគម្រោងវិនិយោគឯកជន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការអភិវឌ្ឍន៏សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរបស់ប្រជាជនដោយផ្ទាល់ និងដោយប្រយោល។ ជាក់ស្តែងសមិទ្ឋផលកាលពី៥ឆ្នាំកន្លងទៅ កម្ពុជាបានអនុម័តលើគម្រោងវិនិយោគ និងគម្រោងពង្រីកផលិតកម្មសរុបចំនួន១,២៣៨ ក្នុងទុនសរុបប្រមាណ ៣៣ប៊ីលានដុល្លារអាមេរិក ដែលបានបង្កើតការងារជូនប្រជាពលរដ្ឋចំនួនប្រមាណ១លានកន្លែង។

លោកបណ្ឌិតសង្កត់ធ្ងន់ថា «គោលបំណងនែការចងក្រងច្បាប់វិនិយោគថ្មីនេះ គឺដើម្បីបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហរ មានតម្លាភាព ក្នុងការជំរុញការអនុវត្តប្រកបដោយ គុណភាព ប្រសិទ្ឋភាពនិងប្រសិទ្ឋផល សំដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា»។

គួរបញ្ជាក់ថា ច្បាប់ស្តីពីវិនិយោគនៃកម្ពុជា ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ និងត្រូវបានអនុម័តជាថ្មីដោយរាជរដ្ឋាភិបាលតាមរយៈអនុក្រឹតលេខ១៣៩ អន ក្រ.បក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ឋភាព៕ អត្ថបទ៖សារេត