ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ លោកឧកញ៉ា ឡាវ កាង ជា «អ្នកឧកញ៉ា» នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឧកញ៉ា ឡាវ កាង ជាឧកញ៉ាដ៏មានចិត្តសប្បុរសធម៌មួយរូប ដែលតែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនជាប្រចាំ ជួយដល់សង្គម និងចូលរួមជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដូចជាការចូលរួមបរិច្ចាគថវិកាដល់កាកបាទក្រហមកម្ពុជា បរិច្ចាគជូនរដ្ឋបាលខេត្តព្រះសីហនុ កងកម្លាំងជើងទឹក ប្រជាពលរដ្ឋរងគ្រោះ និងសកម្មភាពមនុស្សធម៌ផ្សេងៗទៀត។

លោកឧកញ៉ា ឡាវ កាង ជាអ្នកជំនួញចាស់វស្សាដ៏មានឥទ្ធិពលមួយរូបនៅខេត្តព្រះសីហនុ។ បច្ចុប្បន្នលោកជាប្រធានក្រុមហ៊ុនឡាវកាង អីមផត អិចផត និងអចលនទ្រព្យ (Lav Kang Import & Export Co., LTD and Real Estate) ដែលមានអាសយដ្ឋាននៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រៅពីម្ចាស់ក្រុមហ៊ុនផ្ទាល់ខ្លួនដ៏ធំខាងលើនេះ ឧកញ៉ា ឡាវ កាង ក៏ជាប្រធានក្រុមហ៊ុនសូគីម៉ិច សាខាខេត្តព្រះសីហនុ។ សម្រាប់តួនាទីក្នុងវិស័យរដ្ឋ និងសមាគមផ្សេងៗ លោកឧកញ៉ា គឺជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ, អនុប្រធានកិតិ្តយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ, អតីតប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ នៅចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ព្រមទាំងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា៕