នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារ «អ្នកឧកញ៉ា» ដល់ ឧកញ៉ា លឹម ហេង ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៦០៧។
ការផ្តល់គោរមងារ «អ្នកឧកញ៉ា» ដល់ឧកញ៉ា លឹម ហេង នៅពេលនេះធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
ឧកញ៉ា លឹម ហេង ត្រូវបានគេស្គាល់ថាជាពាណិជ្ជករម្នាក់ដែលមានភាពស្និទស្នាលជាមួយអ្នកឧកញ៉ា គិត ម៉េង ខណៈបច្ចុប្បន្នលោកឧកញ៉ាកំពុងកាន់តួនាទីជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជារាប់សិបអាណត្តិមកម្លេះ។ ឧកញ៉ារូបនេះហើយដែលតែងតែបង្ហាញវត្តមានឆ្លើយឆ្លងរាល់សំនួររបស់អ្នកសារព័ត៌មានជុំវិញសកម្មភាព និងកិច្ចការនានារបស់សភាពាណិជ្ជកម្ម ព្រមទាំងបង្ហាញទស្សនអំពីការវិនិយោគ និងសេដ្ឋកិច្ចនៅប្រទេសកម្ពុជា។
ឧកញ៉ា លឹម ហេង ក៏ជាអ្នករកស៊ីក្នុងវិស័យកសិកម្មដ៏ជោគជ័យមួយរូបក្នុងប្រទេសកម្ពុជា តែលោកមិនសូវបង្ហាញមុខជំនួញឲ្យគេឯងដឹងឡើយ៕