ឧកញ៉ា២រូប ដែលកំពុងលេចធ្លោក្នុងវិស័យសិល្បៈចម្រៀង ទទួលបានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ និងគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តបតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៦២៣/១៣៤៤ ដែលឡាយព្រះហស្ថលេខា ដោយ ព្រះបាទសម្ដេច នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានសម្រេចផ្ដល់គ្រឿង ឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ដល់ឧកញ៉ា ព្រាប សុវត្ថិ ដែលជាសិល្បៈករចាស់វស្សា ទាំងក្នុងវិស័យចម្រៀង និងសម្ដែង។ ជាមួយគ្នានេះ ឧកញ៉ា ខែម ប៊ុនថៃ ដែលគេភាគច្រើនស្គាល់ឈ្មោះថា ឧកញ៉ា ខេមរ សិរីមន្ត ទទួលបានគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍។
ការទទួលបានគ្រឿងឥស្សរិយយសនេះ គឺក្រោយពេលដែលសិល្បៈករទាំងពីរ មានស្នាដៃល្អឆ្នើម និងបានចូលរួម អភិវឌ្ឍសង្គមជាតិ តាមរយៈការចូលរួមចំណែកអភិរក្ស ថែរក្សា និងលើកស្ទួយដល់វប្បធម៌សិល្បៈប្រពៃណី ក៏ដូចជាការរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗជួយដល់សង្គមជាតិ ជាពិសេសការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្ម សិប្បកម្ម វប្បធម៌ ការបង្កើតស្នាដៃថ្មីៗ ការផ្សព្វផ្សាយអំពីផលិតផល វប្បធម៌ខ្មែរដ៏សម្បូរបែប និងការស្វែងរកទីផ្សារ សម្រាប់ផលិតផលវប្បធម៌របស់ប្រជាជន សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាជន និងផ្ដល់ការអប់រំដល់សង្គមជាតិទាំងមូល។
សូមជម្រាបជូនផងដែរថា ក្រៅពីឧកញ៉ាទាំងពីររូប ក៏មានសិល្បៈករ សិល្បៈការិនី សរុបចំនួន ១៤១នាក់ផងដែរ ដែលទទួលគ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ ពីព្រះមហាក្សត្រ។
ការផ្តល់គ្រឿងឥស្សរិយយស តាមរយៈព្រះរាជក្រឹត្យខាងលើនេះគឺមានចំនួន៧ថ្នាក់ ដែលរួមមានដូចជា គ្រឿងឥស្សរិយយស ថ្នាក់ជាតូបការ, គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍, គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍, គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា, គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា, គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ, និងគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់អស្សឫទ្ធិ៕