រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងែទី ២៦ ខែកក្កដា ឆ្នាំ ២០២០នេះ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសម្រេចជូន និងតែងតាំងលោកជំទាវ-ឧកញ៉ាសប្បុរសជនចំនួន ២១ រូបជា «ឧត្តមទីប្រឹក្សា និងទីប្រឹក្សា» ក្នុងនោះលោកជំទាវសប្បុរសជន៣រូប ជាឧត្តម្ភទីប្រឹក្សាផ្ទាល់ និង ១៨ រូបផ្សេងទៀតជា ទីប្រឹក្សាផ្ទាល់។

ក្នុងនោះមាន លោកជំទាវឧកញ៉ា យិន ផាន្នី ថុងអ៊ុយប៉ាង ត្រូវបានតែងតាំងជា «ទីប្រឹក្សាផ្ទាល់» ដែលមានងារជាជោតិវតីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ របស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី។

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានសង្ឃដីកានៅក្នុងពិធីប្រកាសតែងតាំងថា «ជំទាវសប្បុរសជនទាំងអស់ បានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍នូវសាសនាជាតិ។ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដូចនេះខ្មែរយើងកាន់ព្រះពុទ្ធសាសនា ៩៥ ភាគរយ ជាចំនួនច្រើន ហើយគិតតាមពុទ្ធសាសនា យើងម្នាក់ៗត្រូវការបុណ្យ បើទោះបីចែកឋានទៅហើយ ក៏ត្រូវការបុណ្យដែរ»។

នៅក្នុងពិធីប្រកាសតែងតាំងនេះ តំណាងឱ្យឧត្តមទីប្រឹក្សា និងទីប្រឹក្សផ្ទាល់ លោកជំទាវឧកញ៉ា សៀង ចាន់ហេង ដែលត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សា បានថ្លែងថា «យើងទាំងអស់គ្នាបានប្តេជ្ញាចិត្តការពារ បុព្វហេតុកសាង ការពារ អភិវឌ្ឍន៍ ព្រះពុទ្ធសាសនាកម្ពុជា ឱ្យកាន់តែអភិវឌ្ឍន៍ រីកចំរើន ស្ថិតស្ថេរ ចីរកាល ជានិរន្តតទៅ»។

លោកជំទាវឧកញ៉ា សៀង ចាន់ហេង បានមានប្រសាសន៍បន្តថា «ត្រឹមតែជាង៣ឆ្នាំប៉ុណ្ណោះ ក្នុងសម័យប៉ុលពត បានធ្វើឱ្យ ព្រះពុទ្ធសាសនា រលាយត្រឹមមួយប៉ប្រិចភ្នែក។ ពួកគេបានបំផ្លាញស្ទើរគ្មានសល់នូវ អរិយ្យធម៌ ប្រពៃណី ទំនៀមទំលាប់ វប្បធម៌ ទាំងអស់របស់ខ្មែរ។ ក្នុងនោះដែរ មានវត្តអារ៉ាម កុដិ ព្រះវិហារសាសនា ត្រូវបានប្រែក្លាយទៅជាឃ្លាំងសំភារៈ រោងបាយ កន្លែងចិញ្ចឹមសត្វ និងខ្លះត្រូវបានរឹបអូសធ្វើជាមន្ទីរឃុំឃាំងទៀតផង»។ នេះជាភស្តុតាងមួយបញ្ជាក់ ថាការបាត់បង់សាសនា នាំឱ្យមនុស្សបាត់បង់អស់ សីលធម៌ ហើយសង្គមជាតិត្រូវធ្លាក់ក្នុងគ្រោះមហន្តរាយ។

លោកជំទាវឧកញ៉ា សៀង ចាន់ហេង បានមានប្រសាសន៍បន្ថែមថា កន្លងមក សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានតែងតែកសាងអភិវឌ្ឍន៍ នៃព្រះពុទ្ធសាសនា ឱ្យមានការរីកចំរើន ជាពិសេសគឺការស្ថាបនាឡើងវិញ នូវគណៈធម្មយុត្តិកនិកាយ កម្ពុជា ដោយចាប់ផ្តើមពីចំណុចសូន្យ រហូតបង្កើតបានជា វត្តគណៈធម្មយុត្ត នៅគ្រប់ខេត្តក្រុងទូទាំងប្រទេស និងបង្កើតបានវត្តមួយចំនួនទៀតនៅក្រៅប្រទេស ព្រមទាំងស្ថាបនាព្រះសង្ឃបានជាច្រើនអង្គ បង្កើតបានជាពុទ្ធិកសិក្សា ផ្តល់ចំណេះដឹង អប់រំ បណ្តុះបណ្តាល បង្កើតធនធានមនុស្ស ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល៕



























ប្រភព៖ kohsantepheapdaily.com.kh