រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានយល់ព្រមជាគោលការណ៍អនុញ្ញាតឱ្យសមាគមឧកញ៉ាកម្ពុជា ធ្វើបច្ចុប្បន្នភាពនូវបញ្ជីឈ្មោះ និងរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការរបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់នៅកម្ពុជា។

តាមរយៈលិខិតលេខ ៦៧៦ សជណ.មយ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានជម្រាបជូនដល់ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា យ៉ាងដូច្នេះថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ដូចខាងក្រោម៖
១. ផ្តល់សិទ្ធិឱ្យសមាគមឧកញ៉ាកម្ពុជា ធ្វើបច្ចុប្បន្នភាពនូវបញ្ជីឈ្មោះ និងរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការរបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់នៅកម្ពុជា ដូចមានក្នុងសៀវភៅភ្ជាប់មកជាមួយ។
២. ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងស្ថាប័នពាក់ព័ន្ធនានា ត្រូវផ្តល់នូវរាល់សេចក្តីចម្លងលើលិខិតឯកសារពាក់ព័ន្ធនឹងគោរមងារឧកញ៉ា ជាពិសេសនូវរាល់សេចក្តីចម្លងព្រះរាជក្រឹត្យផ្តល់គោរមងារឧកញ៉ា ឱ្យទៅជាសមាគមឧកញ៉ាកម្ពុជា។
៣. ឯកសណ្ឋានដូចមានក្នុងសៀវភៅភ្ជាប់មកជាមួយ ត្រូវបញ្ចូលក្នុងព្រះរាជក្រឹត្យ ដែលបាននិងកំពុងតាក់តែង។

សូមជម្រាបថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការ និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៣ សមាគមនេះមានសមាជិកសរុបប្រមាណ ២៣៤រូប ក្នុងនោះ ៣២រូប ជាសមាជិកស្ថាបនិក និងសមាជិកក្រុមប្រឹក្សាភិបាល ដោយមានអាណត្តិ ៥ឆ្នាំ។ សមាគមឧកញ៉ាកម្ពុជា មានគណៈកម្មការចំនួន៤ និងមានអគ្គលេខាធិការដ្ឋានមួយ សម្រាប់បំពេញការងារប្រចាំថ្ងៃ ព្រមទាំងមានឧត្តមក្រុមប្រឹក្សា សម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងឥស្សរជននៃរាជរដ្ឋាភិបាលកម្ពុជា ចំនួន៤រូបទៀត ជាអនុប្រធានកិត្តិយស៕