គោរមងារឧកញ៉ា ពុំមែនជាចងក្រងខ្សែបណ្តាញ បក្សពួកនិងការផ្តល់បុព្វសិទ្ធិពិសេសសម្រាប់បុគ្គលឬក្រុមណាមួយទេ

ជុំវិញ​ឧកញ៉ា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ការបង្កើតសមាគមឧកញ៉ាកម្ពុជា និងការតែងតាំងគោរមងារឧកញ៉ា ពុំមែនជាចងក្រងខ្សែបណ្តាញ បក្សពួកនិងការផ្តល់បុព្វសិទ្ធិពិសេសសម្រាប់បុគ្គលឬក្រុមណាមួយ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ពោលគឺទាំងសមាគមនេះ និងឧកញ៉ាទាំងអស់ត្រូវតែគោរពប្រតិបត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានានៃព្រះរាជាណាចក្រកម្ពុជាជាធរមាន ដើម្បីធានាបញ្ចៀសបានបាតុភាពអសកម្មនិងរូបភាពឆ្គាំឆ្គងដោយប្រការណាមួយដែលបង្កនៅភាពថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា កាលខែមិថុនាកន្លងទៅថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកតាមដានស្ថានការណ៍សង្គមមួយរូបបានលើកឡើងថា ការបង្គាប់បញ្ជាឲ្យអ្នកទទួលបានគោរមងារជាអ្នកឧកញ៉ា ឧកញ៉ា តម្រូវបង្ហាញឯកសារផ្លូវការផ្ទាល់ខ្លួន និងចូលរួមកាត់ឯកសណ្ឋានផ្សេងៗពាក់ព័ន្ធនឹងគោរមងារនេះ គឺជារឿងធ្វើឡើងដោយមិនបានសិក្សាស្រាវជ្រាវច្បាស់លាស់ពីគោរមងារដែលមានជាយូរលង់ណាស់ហើយ។

លោកលើកឡើងថា ការដែលព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា ឧកញ៉ា» ជូនឥស្សរជន សប្បុរសជន ដែលមានស្នាដៃជួយជាតិមាតុភូមិ គឺស្របតាមលំអានតាំងពីបុរាណកាលមកម្លេះ ដើម្បីបង្ហាញសក្ខីភាពបញ្ជាក់ពីការលះបង់ទ្រព្យធនធាន ឬក៏អាចដល់លះបង់ជីវិតទៀតផងដើម្បីសង្គម។

អ្នកតាមដានស្ថានការណ៍សង្គមសុំមិនបង្ហាញអត្តសញ្ញាណរូបនេះយល់ឃើញថា ការតម្រូវឱ្យអ្នកមានគោរមងារត្រូវតែទៅចូលរួមកាត់ឯកសណ្ឋានបញ្ជាក់ថា «ខ្លួនជាឧកញ៉ា អ្នកឧកញ៉ានោះហាក់ជាបញ្ហាលើការបិទសិទ្ធិសេរីភាពរបស់បុគ្គលនោះទៅវិញទេ»។ លោកបន្តថា រឿងដែលរាជរដ្ឋាភិបាលផ្តល់សិទ្ធិឱ្យសមាគមធ្វើការពាក់ព័ន្ធឧកញ៉ានៅកម្ពុជាធ្វើបច្ចុប្បន្នគោរមងារ និងរៀបចំឯកសណ្ឋានផ្លូវណាមួយនោះវាជារឿងស្មុគស្មាញពន់ពេក ដូចជាការដាក់កម្រិតគំនាបមកលើបុគ្គលមានគោរមងារវិញទេ ព្រោះថា ក្នុងនាមសមាគមគឺជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដូច្នេះចង់គេចូលឬមិនចូលជាសិទ្ធិរបស់គេ ព្រោះគោរមងារនេះគឺត្រូវប្រគល់ជូនសប្បុរសជនដែលជួយជាតិប៉ុណ្ណោះ។

អ្នកតាមដានស្ថានការណ៍សង្គមដដែលរូបនេះ គូសបញ្ជាក់ថា សំខាន់អ្នកដែលទទួលបានគោរមងារឧកញ៉ាពួកគាត់បានជួយសង្គមជាតិ ជួយសេដ្ឋកិច្ច គៀងគរវិនិយោគិន ហើយគាត់មិនបានប្រព្រឹត្តប្រាស់ចាកពីគោលការណ៍ច្បាប់ ឬសីលធម៌សង្គមដែលអាប់អោនកិត្តិយសមុខមាត់ជាតិគឺបានហើយ។

យ៉ាងណាអ្នកតាមដានស្ថានការណ៍សង្គមក៏បង្ហាញពីក្តីកង្វល់ផងដែរពាក់ព័ន្ធនឹងការបង្កើតសមាគមនានាពាក់ព័ន្ធងារឧកញ៉ាអ្នកឧកញ៉ា ក៏អាចថាជាការប្រមូលផ្តុំគ្នាបង្កើតបក្ខពួក ដូច្នេះរឿងនេះមិនល្អនោះទេ ប្រសិនបើយើងក្រឡេកមើលប្រទេសជិតខាង ឬអាចសម្លឹងមើលទៅកាន់ពិភពលោក។ លើសពីនេះ ក៏អាចជាបញ្ហាផងដែរទៅថ្ងៃក្រោយទៅ អាចបង្កើតភាពស្មុគស្មាញច្រើនដល់អ្នកចង់មានបំណងចង់បានគោរមងារឧកញ៉ាក៏អាចថាបាន។ ម្យ៉ាង «គោរមងារឧកញ៉ា អ្នកឧកញ៉ា» មិនមែនជាតួនាទីក្របខណ្ឌក្រសួងដែលត្រូវទទួលប្រាក់ខែ ឬមានសិទ្ធិសម្រេចកិច្ចការងារជាតិណាមួយនោះទេ វាលែងតែអ្នកមានគោរងារនោះគាត់មានក្នុងសមាសភាពមន្រ្តីរាជការ ឬអ្នកតំណាងរាស្រ្ត តែផ្ទុយមកវិញគឺជាអ្នកដែលតែងចូលរួមជួយជាតិក្នុងគ្រាជួបការលំបាកផ្សេងៗទៅវិញទេ៕