លោក សុខ សង្វារ កូនប្រុសពៅរបស់សម្ដេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានចូលស្តីដណ្តឹងកញ្ញា អ៊ឹង ឈីវលី ហៅថា លីលី ដែលជាកូនស្រីពៅ លោកជំទាវឧកញ៉ា កែវ មុំ ម្ចាស់ក្រុមហ៊៊ុនផលិតនំស្រួយលីលី នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ។
ពិធីចូលចែចាវស្តីដណ្តឹងរវាងក្រុមឥស្សរសជន និងអ្នកជំនួញល្បីឈ្មោះទាំង២ធ្វើឡើងក្រោមវត្តមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា-រដ្ឋសភា និងអធិការកិច្ច លោកជំទាវ អាន្នី សុខអាន ជាមាតាខាងកូនប្រុស លោកជំទាវឧកញ៉ា កែវ មុំ ជាមាតាខាងកូនស្រី អ្នកឧកញ៉ា សំ អាង អ្នកឧកញ៉ា ឈុន លាង ព្រមទាំងញាតិមិត្តជិតខាងជាច្រើនរូបបានអញ្ជើញផ្តល់កិត្តិយសក្នុងពីធីចែចាវស្តីដណ្តឹងតាមប្រពៃណីខ្មែរនៅពេលនេះ។
លោក សុខ សង្វារ ជាកូនពៅរបស់សម្តេច សុខ អាន ក្នុងចំណោមកូនទាំង៥នាក់ បច្ចុប្បន្នអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ចំណែក កញ្ញា អ៊ឹង ឈីវលី ជាអគ្គនាយិកា (CEO) របស់ក្រុមហ៊ុនផលិតនំស្រួយ លីលី គឺជាបញ្ញវន្តខ្មែរ ដែលបានបញ្ចប់ការសិក្សាកម្រិតជាន់ខ្ពស់ មកពីក្រៅប្រទេសដូចគ្នា។
លោក សុខ សង្វារ មានវ័យ ៣៦ឆ្នាំ បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកបដិសណ្ឋារកិច្ច និងគ្រប់គ្រងទេសចរណ៍ នៅវិទ្យាស្ថានឧត្តមសិក្សា គ្លីយុង (GLION) ទីក្រុងប៊ូឡល ប្រទេសស្វីស នៅឆ្នាំ២០០៨។ នៅឆ្នាំ២០១៣ លោកបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញសិល្បៈសេរីនៃបេតិកភណ្ឌវប្បធម៌ និងបរិស្ថាន នៅសាកលវិទ្យាល័យជាតិ ប្រទេសអូស្ត្រាលី។
លោក សុខ សង្វារ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅឆ្នាំ២០០៨ និងត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតែងមុខតំណែងជាបន្តបន្ទាប់ ដូចជា ឆ្នាំ២០០៩-២០១៣ ជាអនុប្រធាននាយកដ្ឋានឧស្សាហកម្មទេសចរណ៍នៃក្រសួងទេសចរណ៍, ឆ្នាំ២០១៣-២០២០ ជាប្រធានក្រុមការងារអនុវត្តន៍ផែនការគ្រប់គ្រងទេសចរណ៍អង្គរ, ឆ្នាំ២០១៥-២០២០ ជាអគ្គនាយករង អាជ្ញាធរជាតិអប្សរា និងនៅឆ្នាំ២០២០ ដល់បច្ចុប្បន្ន ជាអនុរដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ ទទួលបន្ទុកការងារសិក្សាទីផ្សារ និងផ្សព្វផ្សាយទេចរណ៍ក្រៅប្រទេស។
ដោយឡែក កូនស្រីឧកញ៉ា កែវ មុំ គឺ កញ្ញា លីលី បានបញ្ចប់ការសិក្សាថ្នាក់ទី១២ នៅប្រទេសកាណាដា ហើយកញ្ញាបានបន្តសិក្សាចប់បរិញ្ញាបត្រ លើជំនាញអាជីវកម្ម ពីសហរដ្ឋអាមេរិក និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញគ្រប់គ្រងអាជីវកម្ម ពីប្រទេសអង់គ្លេស។ កញ្ញា លីលី បានឡើងកាន់តំណែងជាអគ្គនាយិកាក្រុមហ៊ុន ផលិតនំស្រួយ លីលី ចាប់តាំងពីខែឧសភា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន៕