លោកឧកញ៉ាបណ្ឌិត អេង ចំរើន និងលោកឧកញ៉ាបណ្ឌិត សាយ គឹមអន ត្រូវបានសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ឡាយព្រះហស្ថលេខា ចេញព្រះរាជប្រកាសនីយប័ត្រតែងតាំងជា «ឧត្តមទីប្រឹក្សា» គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។


លោក អេង ចំរើន អគ្គនាយកក្រុមហ៊ុន មង្គល គ្រុប ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្តល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ លោកឧកញ៉ា អេន ចំរើន ក៏មានតួនាទីជា ទីប្រឹក្សារឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា, ជាប្រធានសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្រោយទទួលបានការតែងតាំងខាងលើនេះ លោកឧកញ៉ាបណ្ឌិត អេង ចំរើន សម្តែងការថ្លែងអំណរគុណ យ៉ាងដូច្នេះថា៖ “សូមថ្លែងអំណរព្រះគុណ សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាដ៏ខ្ពង់ខ្ពស់ ដែលបានតែងតាំង ទូលព្រះបង្គំ និង ឯកឧត្តមឧកញ៉ាបណ្ឌិត សាយ គឹមអន ជា ឧត្តមទីប្រឹក្សា គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ សូមព្រះអង្គប្រកបដោយពុទ្ធពរទាំងឡាយគ្រប់ប្រការ និងគ្រងជាម្លប់ដឹកនាំផ្លូវដល់ពុទ្ធសាសនិកទាំងឡាយទទួលបាននូវសេចក្ដីសុខចម្រើនជានិច្ចនិរន្តរ៍”៕

