លោកស្រី ហង្ស ម៉ារីនី អតីតតារាសម្តែង និងស្វាមី លោក ផូ កែវសម្បត្តិ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ជា «ឧកញ៉ា» នៅថ្ងៃតែមួយជាមួយគ្នា គឺនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។


លោកស្រី ហង្ស ម៉ារីនី ជាតារាម្នាក់ដែលចូលចិត្តធ្វើការងារសប្បុរសធម៌ និងបច្ចុប្បន្ន ជាអ្នកជំនួញរកស៊ីនៅលើអនឡាញយ៉ាងល្បីឈ្មោះ។ ទោះបីជាពុំសូវបង្ហាញមុខលើការងារសិល្បៈសម្តែងជាច្រើនឆ្នាំ ប៉ុន្តែលោកស្រី ហង្ស ម៉ារីនី ហាក់កាក់កបយ៉ាងខ្លាំងនឹងមុខជំនួញផ្ទាល់ខ្លួនជាមួយនឹងស្វាមី រហូតអាចសាងគ្រួសារមួយដ៏កក់ក្តៅ ព្រមទាំងមានផ្ទះដ៏ធំស្គឹមស្កៃ និងរថយន្តទំនើបៗផងដែរ។ លោកស្រី ហង្ស ម៉ារីនី និងលោក ផូ កែវសម្បត្តិ មានកូនប្រុសស្រីចំនួន ៣នាក់ ខណៈដែលកូនទី៣ ឈ្មោះ ផូ ឥន្រ្ទភិច្ឆ័យ ទើបសម្រាលកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣៕


