លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល អគ្គនាយកក្រុមហ៊ុន SAM SN REALTY និងអ្នកស្រី SALLY YU នៅថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តជនជាតិតៃវ៉ាន់ចំនួន ១០០នាក់ ដើម្បីចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ ១២០០នាក់ ដោយឥតគិតថ្លៃ នៅខេត្តសៀមរាប។

កម្មវិធីសប្បុរសធម៌ខាងលើនេះ បានប្រព្រឹត្តធ្វើឡើងនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ស្វាយចែក ស្ថិតនៅឃុំស្វាយចែក ស្រុកអង្គរធំ ខេត្តសៀមរាប។ ជាមួយគ្នានោះ ក្រុមការងារ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានធ្វើការពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋទូទៅ ចំនួន ៨៥០នាក់ និងសិស្សានុសិស្ស ចំនួន ៣៥០នាក់ ដោយឥតគិតថ្លៃ ព្រមទាំងបានធ្វើការចែកអង្ករ មី និងទំនិញជាគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋចំនួន ៨៥០គ្រួសារ និងផ្តល់សម្ភារៈសិក្សា ដល់សិស្សានុសិស្ស ចំនួន ៣៥០នាក់ផងដែរ។
សូមបញ្ជាក់ផងដែរថា ការពិនិត្យជំងឺ ព្យាបាលជជំងឺ និងការចែកអង្ករ មី និងទំនិញជាគ្រឿងឧបភោគ បរិភោគដល់ប្រជាពលរដ្ឋ គឺមានចំនួន ៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅទីតាំងផ្សេងៗគ្នានៃខេត្តសៀមរាប៕




















