ឧកញ៉ា ២រូប ទទួលការតែងតាំងជា «ទីប្រឹក្សាជាន់ខ្ពស់» នៃសមាគមអតីតអ្នកបួសខ្មែរ

ជុំវិញ​ឧកញ៉ា

លោក ហឿន សំនៀង ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អតីត​អ្នកបួសខ្មែរ ​​កាលពី​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ​​បាន​ចេញ​សេចក្តីសម្រេច​​​តែងតាំង​ ឧកញ៉ា យ៉ន សេងហាន អគ្គនាយក​ក្រុមហ៊ុន​ សេង ហាន ឯ.ក និងឧកញ៉ាបណ្ឌិត ផន វណ្ណិត អ្នកនិពន្ធសៀវភៅ​ថ្វី​គំនិត ជា ទីប្រឹក្សា​ជាន់ខ្ពស់ នៃ​សមាគម​អតីត​អ្នកបួស​ខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពី​លោក​ឧកញ៉ា​ទាំង​ពីរ​រូប​ខាង​លើ ​​​ក្រុមអតីតអ្នកបួសខ្មែរ​ដែល​ជា​បុគ្គលឆ្នើមៗ​មួយ​ចំនួន​ទៀត​ ក៏​ទទួល​បាន​បាន​ការ​តែងតាំង​ធ្វើជាទីប្រឹក្សាជាន់ខ្ពស់​ផង​ដែរ ក្នុង​នោះ​រួមមាន​ដូចជា៖ លោកគ្រូ សាន សុជា, ឧត្តមសេនីយ៍ឯក ឌី ពៅ នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស, បណ្ឌិត ឆាត សុឆេត ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក​ ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្តេច​តេជោ​នាយករដ្ឋមន្ត្រី, លោក ស៊ិន គង់ ទីប្រឹក្សាក្រសួងព្រះបរមរាជវាំង, ឧត្តមសេនីយ៍ទោ មួង ឫទ្ធី, សាស្ត្រាចារ្យ ទូច គីមស្រ៊ាង, បណ្ឌិត ប្រាក់ សម្ផស្ស, បណ្ឌិត កែវ រតន:, លោក សេង សុភី, លោក ព្រើន សុវង្ស និង​ អ្នកអង្គ​ម្ចាស់ បណ្ឌិត ស៊ីសុវត្ថិ ឫទ្ធីរ៉ាវង្ស។

សមាគម​អតីត​អ្នកបួស​ខ្មែរ ​ត្រូវបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​សមាគម នៅ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ២០២៣​ ដែលមាន​អាសយដ្ឋាន ទីស្នាក់ការ​កណ្តាល​នៅ​បុរី​ប៉េង​ហួត​ ស្ទឹងមានជ័យ ផ្ទះ​លេខ​៤០ ផ្លូវ​លេខ​៨ ក្រុមទី​៩ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ​សមាគម​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ពង្រីក​ទំនាក់ទំនង បង្កើត​ការចែករំលែក​ចំណេះដឹង បទពិសោធន៍ បំ​ណិ​ន​ជីវិត ទ្រទ្រង់​ព្រះពុទ្ធសាសនា និង​មាន​ចក្ខុវិស័យ​ចង់ឃើញ​អ្នកបួស​ខ្មែរ មាន​សាមគ្គីភាព​គ្នា មានលទ្ធភាព​រស់នៅ​ថ្លៃថ្នូរ និង​ជា​គំរូ​ល្អ​ក្នុងសង្គម​។​​

តាម​ការ​បញ្ជាក់ពី​លោក ហឿន សំនៀង ប្រធាន​សមាគម​អតីតអ្នកបួសខ្មែរ​ ​បាន​ឱ្យ​ដឹង​ថា សមាគម​នេះ​មាន​លក្ខណៈពិសេស​ត្រង់​ថា​ អ្នក​ដែល​ចូលជា​សមាជិក​បាន ទាល់តែ​ជា​អ្នក​ធ្លាប់បាន​បួស​ក្នុង​សំណាក់​ព្រះពុទ្ធ​សាសនា​។ ដូច្នេះ​ដើម្បី​បានក្លាយ​ទៅជា​សមាជិក​ គឺ​ទាល់តែ​ធ្លាប់បាន​បួស​ក្នុង​សំណាក់​ព្រះពុទ្ធសាសនា។ ទោះបី​បុគ្គល​នោះ​មានបុណ្យ​ស័ក្តិ​ឋានៈ​ខ្ពង់ខ្ពស់​ លុយកាក់​ច្រើន​ប៉ុណ្ណាក៏ដោយ​ ក៏​មិនអាច​ចូល​ជា​សមាជិកសមាគម​អតីត​អ្នកបួស​ខ្មែរ​បានទេ បើសិនជា​មិន​ធ្លាប់​បួស​។ មួយវិញទៀត បើទោះបីជារស់នៅក្នុង​ស្ថានភាព ឬ ជីវភាព​បែបណា នៅ​ឆ្ងាយ​ប៉ុណ្ណា (ក្រៅ ឬក្នុងប្រទេស) និង​បួស​នៅក្នុង​សម័យកាល​ណាក៏ដោយ ក៏​អាច​ក្លាយជា​សមាជិកសមាគម​នេះ​បានដែរ ដោយ​មិនមាន​ការរើសអើង ប្រវត្តិ ជីវភាព និង​ឋានៈ​ក្នុងសង្គម​ឡើយ៕​