លោក ម៉ិច សីហា៖ ការរត់ការឡើងងារ «ឧកញ៉ា» ទៅរកស៊ីនៅអាណត្តិថ្មីនេះ ហួសសម័យហើយ

ជុំវិញ​ឧកញ៉ា

លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ IKEY ​​យល់​ឃើញ​ថា ​​អ្នក​ដែល​មាន​បំណង​ចង់​រត់​ឯកសារ​ឡើង​ងារ​ឯកឧត្តម ឬ​ឧកញ៉ា ដើម្បី​ចេញ​រកស៊ី​នៅ​អាណត្តិថ្មី នីតិកាលទី៧ ខាង​មុខ​នេះ ខណៈ​ដែល​ខ្លួន​ឯង​ជា​មនុស្ស​ក្លែងក្លាយ គឺ​ហួសសម័យ​ហើយ ព្រោះ​គណៈរដ្ឋមន្ត្រីថ្មី និង​នាយករដ្ឋមន្ត្រីថ្មី សុទ្ធ​តែ​ជា​បញ្ញវន្ត​ដែល​មាន​ភាព​ច្បាស់លាស់​ណាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកអគ្គនាយក IKEY បាន​លើក​ឡើង​ក្នុង​វីដេអូ​ឃ្លីប​មួយ​ថា៖ “តិចថាបុកលុយរត់ឯកសារឡើងឯកឧត្តម ឬ​ឧកញ៉ា ដើម្បីចេញរកស៊ី គិតថាត្រឹមត្រូវក្នុងយុគសម័យឆ្នាំ២០២៣នេះ។ ច្រឡំហើយ គណៈរដ្ឋមន្ត្រី និង​នាយករដ្ឋមន្ត្រី ឡើងថ្មីជំនាន់ក្រោយនេះ មិនមែនលំៗទេ។ បើចេញរកស៊ី អួត​ខ្លួន​ឯង ឯកឧត្តម​ទីប្រឹក្សា ខ្ញុំ​ឧកញ៉ា ដែល​ខ្លួន​ឯង​ជា​​មនុស្ស​ក្លែងក្លាយ​ គឺ​វាហួស​សម័យ​ហើយ”។

លោក​បាន​បន្ត​ថា ចេញ​រកស៊ី គេនិយាយពី​របាយការណ៍​អតិថិជន​គោល​ ស្ថិតិ​លើ​របាយការណ៍​អតិថិជន​ឱ្យ​បាន​ច្បាស់ និង​លំហូរ​សាច់ប្រាក់​របស់​ក្រុមហ៊ុន ប្រព័ន្ធ​ផ្លូវ​ច្បាប់​លើ​របាយការណ៍​ឯកសារ។ ​បើ​យក​លុយ ចេះ​តែ​តាម​គេ​តាម​ឯង​ថា ​ខ្ញុំ​​ទៅ​ខ្សែ​នេះ​បាន​ឡើង​ឯកឧត្តម ខ្ញុំ​ទៅ​ខ្សែ​ឯណោះ​បាន​ឡើង​ឧកញ៉ា ​​ហើយ​ធ្វើ​កិច្ចការ​តូចធំ គេ​យល់​មុខ គឺ​ច្រឡំ​ហើយ មន្ត្រី​ជំនាញ​គេ​គ្មាន​យល់​មុខ​យើង​ឯកឧត្តម ឬ​ឧកញ៉ា​នោះ​ទេ។ យើង​ធំ​នៅ​កន្លែង​ណា ជា​រឿង​របស់​យើង ប៉ុន្តែ​នៅ​កន្លែង​គេ​គឺ​មិន​ធំ​ជាង​​នៅ​កន្លែង​គេ​នោះ​ទេ។

លោក ម៉ិច សីហា បាន​បន្ថែម​ទៀត​ថា វប្បធម៌​មួយ ដែល​​លោក​ចង់​បញ្ជាក់​ប្រាប់​បងប្អូន​ទាំង​អស់​គ្នា នៅ​ក្នុង​វប្បធម៌​ការងារ​​នោះ​គឺ ទោះ​យើង​​ពាក់​ផ្កាយពីរ ឬ​ផ្កាយ​បី​ក៏​ដោយ យើង​​ធំ​តែ​កន្លែង​ខ្លួន​ឯង​នោះ​ទេ ពេល​ឡើង​មក​នាយកដ្ឋាន​ជំនាញ​របស់​គេ គឺ​គេ​​ទាមទារ​ភាព​ច្បាស់​លាស់។ ដូច្នេះ​សម័យ​នេះ ការ​រកស៊ី​គួរ​តែ​ពិនិត្យ​មើល​​ពី ​គម្រោង​អាជីវកម្ម​របស់​ខ្លួន​ ការ​ដឹកនាំ​គម្រោង​អាជីវកម្ម​របស់​ខ្លួន​ឯង របាយការណ៍​អតិថិជន​គោល​អាស្រ័យ​ផល​នៅ​ក្នុង​តំបន់​របស់​ខ្លួន​ឯង តិចនិក​ក្នុង​ការ​ដឹកនាំ ជាពិសេស​ជំនាញ​ផ្នែក​ទីផ្សារ ត្រូវ​តែ​​ធ្វើ​ឱ្យ​បាន​ច្បាស់​លាស់។

សូម​​ជម្រាប​ថា នៅ​អាណត្តិថ្មី នីតិកាលទី៧​នេះ ឯកឧត្តមបណ្ឌិត​ ហ៊ុន ម៉ាណែត នឹង​ឡើង​ធ្វើជានាយករដ្ឋមន្ត្រី ចាប់ពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ទៅ ហើយ​គណៈរដ្ឋមន្ត្រី​ថ្មី​មួយ នឹង​ត្រូវ​បាន​រៀបចំ​ឡើង ដែល​ភាគ​ច្រើន​ជា​ថ្នាក់ដឹកនាំ​វ័យក្មេង ខណៈ​ដែល​អ្នកជំនាញ​សេដ្ឋកិច្ចភាគ​ច្រើន​ជឿជាក់​ថា បញ្ញវន្ត​វ័យ​ក្មេង​ទាំង​នេះ នឹង​អាច​ដឹកនាំ​នាវា​កម្ពុជា ឱ្យ​ទទួល​បាន​នូវ​​អត្រាកំណើន​សេដ្ឋកិច្ច កាន់​តែ​ខ្ពស់​ប្រសើរ​ឡើង​បន្ថែម​ទៀត៕