សេវាកម្មយន្តហោះចុះចតលើទឹក ដែលអ្នកឧកញ៉ា គិត ម៉េង ចូលរួមបោះទុនវិនិយោគ នឹងសាកល្បងហោះហើរនៅចុងឆ្នាំនេះ

ជុំវិញ​ឧកញ៉ា

សេវាកម្មយន្តហោះចុះចតលើទឹកលើទឹកដីកម្ពុជាដំបូងគេ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្ដាក់ទុនរួមគ្នា រវាងក្រុមហ៊ុន Seaplane Asia Limited ពីទីក្រុងហុងកុង និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង កាលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ នឹងសាកល្បងហោះហើរចុះចតចុងឆ្នាំ២០២៣នេះហើយ។នេះបើតាមជំនួបរវាងលោក ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងលោក Dennis Keller នាយកប្រតិបត្តិក្រុមហ៊ុន Samra Seaplane កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈជំនួបនោះ បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការជាមួយរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ដើម្បីធ្វើការចុះបញ្ជីហោះហើរជាផ្លូវការ និងសិក្សាពីលក្ខណៈបច្ចេកទេស និងបទដ្ឋានច្បាប់ពាក់ព័ន្ធលើការហោះហើរបន្ថែម ដោយក្នុងនោះក្រុមហ៊ុនគ្រោងនាំចូលប្រភេទយន្តហោះហោះលើទឹកចំនួន ២គ្រឿងនៅចុងឆ្នាំ២០២៣នេះ នឹងសាកល្បងហោះហើរសម្រាប់គោលដៅខេត្តសៀមរាប-ព្រះសីហនុ និងភ្នំពេញ-ព្រះសីហនុ ដោយចុះចតទៅដល់គោលដៅរមណីដ្ឋានប្រណិតសំខាន់ៗដូចជា៖ កោះសង្សា កោះក្របី សណ្ឋាគារ Royal Sand។

ជាមួយគ្នានោះ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមហ៊ុន Samra Seaplane ដែលបានបណ្តាក់ទុនវិនិយោគលើសេវាកម្មហោះហើរតាមរយៈយន្តហោះលើទឹកលើកដំបូងនៅកម្ពុជា ដែលផលិតផលនេះនឹងចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិ ផ្តល់ភាពងាយស្រួល ផាសុកភាព កាត់បន្ថយពេលវេលា និងបទពិសោធន៍ថ្មីដល់អ្នកទេសចរនៅកម្ពុជា។

លើសពីនោះ លោក ក៏បានស្នើសុំការគាំទ្រជាផ្លូវពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីជំរុញផលិតផលនេះឲ្យកាន់តែផុលផុសបន្ថែមទៀត និងបានសំណូមពរឲ្យក្រុមហ៊ុនគិតគូរពីការហោះហើរទៅកាន់ខេត្តគោលដៅផ្សេងទៀតដូចជា ខេត្តមណ្ឌលគិរី និងតំបន់មេគង្គលើ ដែលមានដៅសកម្មភាពនេះក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍រួចជាស្រេច៕