ឧកញ៉ា ផន វណ្ណិត ដែលជាអ្នកអភិវឌ្ឍអចលនទ្រព្យ និងជាអ្នកនិពន្ធសៀវភៅអភិវឌ្ឍន៍គំនិតមួយរូបដ៏ល្បីឈ្មោះ បានប្រគល់សៀវភៅ «ថ្វីគំនិត» ដែលជាស្នាដៃដំបូងដ៏ពិសិដ្ឋរបស់ឧកញ៉ាជូនដល់រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ក្នុងឱកាសលោកឧកញ៉ា ដឹកនាំសហការីអញ្ជើញចូលជួបសម្តែងការគួរសមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ។
បើតាមលោកឧកញ៉ា ផន វណ្ណិត ការប្រគល់សៀវភៅ «ថ្វីគំនិត»ដល់ក្រសួងអប់រំយុវជន និងកីឡានេះ ដើម្បីជាមរតកផ្នែកចំណេះដឹង បំណិន ទស្សនវិជ្ជាសម្រាប់អ្នកជំនាន់ក្រោយ។
នៅក្នុងបណ្តាញសង្គមតេឡេក្រាមឧកញ៉ា ផន វណ្ណិត បានសំដែងនូវអំណរអរគុណជាអនេកកប្បការជូនឯកឧត្តមបណ្ឌិតសភាចារ្យ ដែលបានកត់សម្គាល់ឃើញនូវស្នាដៃរបស់លោកនិងកិច្ចការងារកន្លងមក។
សូមជម្រាបជូនផងដែរថា កន្លងទៅឧកញ៉ា ផន វណ្ណិត ធ្លាប់បានប្រគល់«សៀវភៅថ្វីគំនិត»នេះ ជូនដល់ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំជាង ៣ពាន់ក្បាលរួចមកហើយ។
សៀវភៅ«ថ្វីគំនិត» គឺជាឃ្លាំងចំណេះដឹង បទពិសោធ គន្លឹះខ្លី ខ្លឹម ច្បាស់ៗ ធ្វើឱ្យមានគំនិតមិនចេះរីងស្ងួត។លើសពីនោះ «ថ្វីគំនិត» ជាគន្លឹះសម្រាប់ការវិនិយោគ ដើម្បីស្រូបយកលុយ បង្កើតទ្រព្យ ក៏មានលទ្ធភាពជួយឲ្យមនុស្សយល់ដឹងកាន់តែស៊ីជម្រៅក្នុងការបង្កើតគំនិត ប្រើប្រាស់គំនិត ក្បួនរៀបចំផែនទីជីវិត គំនិតសេដ្ឋវិស័យអចលនទ្រព្យ និងគោលការណ៍ដឹកនាំធុរៈកិច្ចក្នុងស្មារតីគុណធម៌ធំធេងគ្មានទីកំណត់៕