ឧកញ៉ា ឃន ឈុនដារ៉ា ម្ចាស់ក្រុមហ៊ុន KOI Thé Cambodia និងជាស្ថាបនិក Tube Cafe បានបង្ហាញពីអារម្មណ៍រំភើបសប្បាយរីករាយ និងមោទនភាពបំផុត ដែលក្រុមហ៊ុនរបស់លោក និងរូបលោកផ្ទាល់ មានឱកាសបានរៀបចំកម្មវិធីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ក្រឡុកតែ Shaker Master 2023 ដែលមានការចូលរួមពី ៩ប្រទេស។

លោកឧកញ៉ា ឃន ឈុនដារ៉ា បានលើកឡើង កាលពីថ្ងៃទី០២ ខែសីហា ម្សិលមិញថា លោកពិតជាមានសេចក្តីសោមនស្សរីករាយ មោទនភាព និងកិត្តិយសជាខ្លាំងដែល KOI Thé Cambodia និងរូបលោកមានឱកាសដ៏មិនគួរឲ្យជឿក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Shaker Master 2023 ដែលជាការប្រកួតប្រជែងក្រឡុកតែដ៏មានកិត្យានុភាពបំផុតក្នុងពិភពលោក។

លោកឧកញ៉ា បានបន្តថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ មិនត្រឹមតែបានប្រមូលផ្តុំនូវសហគមន៍អាជីវកម្ម និងទេពកោសល្យល្អៗមកប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបម្រើជាវេទិកាមួយ ដើម្បីបង្ហាញពីភាពស្រស់ស្អាត និងការអភិវឌ្ឍន៍នៃប្រទេសជាទីស្រឡាញ់របស់យើងទៅកាន់ពិភពលោក។
“ខ្ញុំមានអំណរគុណយ៉ាងក្រៃលែងចំពោះឱកាសដ៏ធំនេះ ដែលជាផ្នែកមួយនៃការប្រារព្ធពិធី ដែលបង្ហាញពីសិល្បៈដ៏ពិសេស និងទេពកោសល្យនៅក្នុងវប្បធម៌តែ។ ការក្លាយជាប្រទេសម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មិនត្រឹមតែអោយគេទទួលស្គាល់ការភាពទាក់ទាញរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើជាសក្ខីភាពដល់ការរីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជានៅលើឆាកពិភពលោកផងដែរ”។ ឧកញ៉ា ឃន ឈុនដារ៉ា បានបញ្ជាក់បន្ថែម។

សូមជម្រាបថា ការក្រឡុកតែគុជ ក៏ជាអាជីពមួយដ៏ពិសេសដែរ ហើយកម្មវិធីប្រកួតប្រជែងរកជើងឯក Shaker Master ឆ្នាំ២០២៣ របស់ KOI គឺកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដែលមានការចូលមកពីបណ្តាប្រទេសសរុបចំនួន ៩ រួមមាន កម្ពុជា ជប៉ុន សិង្ហបុរី ឥណ្ឌូនេស៊ី វៀតណាម ចិន តៃវ៉ាន់ ម៉ាឡេស៊ី និងថៃ៕



