ក្នុងគោលបំណងចូលរួមការពារ និងទប់ស្កាត់ជម្ងឺកូវីដ១៩ ស្រមតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនិងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាក់ស្តែងនាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឧកញ៉ា អែល សារ៉ុម អគ្គនាយកក្រុមហ៊ុន K E P Group និងលោក ប៊ុន វត្ថា អគ្គនាយកក្រុមហ៊ុន S-Auto បាននាំនូវ គ្រឿងឧបភោគ បរិភោគ គ្រឿងភេសជ្ជះ ម៉ាស ថ្នាំពេទ្យ និងថវិកាមួយចំនួនជាអំណោយរបស់ឯកឧត្ដម ឧត្តមសេនីយ ហ៊ុន ម៉ាណែត ផ្តល់ជូនកងវិស្វកម្មដែលកំពុងឈរជើង បើកការដ្ឋានស្ថាបនាផ្លូវលំ០១ខែ្សរ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

យោងតាមការគូសបញ្ជាក់របស់ លោក ចាស់ ជឿន មេឃុំទងត្រឡាច បានអោយដឹងថា ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច និង ឧកញ៉ា ឡូវ ហ៊ឹង សូមចងចាំទុកជាប្រវត្តសាស្រ្ត ចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្តល់អំណោយដ៍ថ្លៃថ្លាដោយជួយឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែប្រវែងជិត៧គីឡូម៉ែត្រ និងទទឹង៧តភ្ជាប់ទៅផ្លូវជាតិលេខ៨នៅក្នុងឃុំទងត្រឡាច។

ឆ្លៀតនាឧកាសនោះដែរ ឧកញ៉ា ឡូវ ហ៊ឹង ជំរាបជូនប្រជាពលរដ្ឋនៅតាមមួលដ្ឋាន ថា ផ្លូវបេតុងនេះក្រោយពីស្ថាបនារួច មិនត្រឹមជួយសំរួលការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺវានឹងធ្វើអោយដីនិងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋតំបន់នេះមានតម្លៃ ពិសេសដីនិងលំនៅដ្ឋានប្រជាពលរដ្ឋដែលនៅអមសង្ខាងផ្លូវ និងទាក់ទាញដៃគូវិនិយោគផងដែរ លើសពីនេះទៀត ផ្លូវបេតុងនឹងស្ថាបនារួចរាល់លិចចេញរូបរាងនាពេលខាងមុខនិងមានការរៀបចំ ការសាងសង់បង្គោលភ្លើងបំភ្លឺផ្លូវដោយបំពាក់ប្រព័ន្ធស៊ុលឡា ក្នុងគោលបំណងអោយបងប្អូនប្រជាពលរដ្ឋកាន់តែងាយស្រួលក្នុងការធ្វើដំណើរ។

ឧកញ៉ា ឡូវ ហ៊ឺង បានប្រសាសន៍ សូមបងប្អូនដែលកំពុងរស់នៅក្នុងភូមិនិងសហគមន៍ សូមចងចាំនិងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុលនិងជែលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅ ម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗ ពោលការរស់នៅប្រចាំថ្ងៃ ត្រូវអនាម័យរស់នៅល្អ ដើម្បីសុខភាពនិងអាយុជិវិតរស់នៅបានយូរអង្វែង។

ជាចុងក្រោយ ឧកញ៉ា ឡូវ ហ៊ឺង សំណូមពរអោយសូមអោយបងប្អូនប្រជាពលរដ្ឋសូមមានការថែទាំសុខភាពត្រូវអនាម័យជាប់ជាប្រចាំក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគ Covid19 ដែលជាជម្ងឺមួយដែលឆ្លងជាសកល និងបានកំពុងសម្លាប់មនុស្សពីមួយថ្ងៃទៅថ្ងៃ ក្នុងពិភពលោកយើងនេះ។ អំណោយរបស់ឯកឧត្តម ឧត្តមសេនីយ ហ៊ុន ម៉ាណែត រួមមានគ្រឿងឧបភោគ បរិភោគ គ្រឿងភេសជ្ជះ ម៉ាស ថ្នាំពេទ្យ និងថវិកាមួយចំនួនផ្តល់ជូន កងវិស្វកម្មប្រមាណ៥០នាក់ និងប្រជាពលរដ្ឋប្រមាណ២៥០គ្រួសារទទួលបានថ្នាំពេទ្យនិងថវិកាមួយចំនួនផងដែរ ដោយឡែក សីម៉ង១០តោនសម្រាប់ចាក់សាបចិញ្ចើមផ្លូវ គឺជាការឧបត្ថម្ភរបស់ ឯកឧត្តម គតិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ៕




