អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ បានចេញលិខិតអញ្ជើញ អ្នកឧកញ៉ា ឧកញ៉ា ដែលជាសមាជិក-សមាជិកាទាំងអស់នៃសមាគមឧកញ៉ាកម្ពុជា ដើម្បីចូលរួមក្នុង «វេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ និងពិធីពិសារអាហារសាមគ្គី” នាថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហ្គាឌិនស៊ីធី។
ក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កម្មវិធីនេះនឹងមានការចូលរួមជាកិត្តិយសដោយ លោក សុខ សិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុព័ន្ធពាណិជ្ជកម្មនៃស្ថានតំណាងបរទេសនានា ប្រចាំនៅកម្ពុជាផងដែរ។
វេទិកានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយបន្ថែម អំពីទស្សនវិស័យ និងបេសកកម្មរបស់សមាគមឧកញ៉ាកម្ពុជា ក៏ដូចជាជំរុញលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ព្រមទាំងរឹតចំណងសាមគ្គីភាពក្នុងចំណោមថ្នាក់ដឹកនាំសមាជិកសមាជិកាសមាគម និងថ្នាក់ដឹកនាំមន្ត្រីនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ អនុព័ន្ធពាណិជ្ជកម្មនៃតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា និងតំណាងស្ថាប័នឯកជនសំខាន់ៗមួយចំនួន។
គួររំឭកថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ សមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីភាពជាដៃគូក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អ្នកឧកញ៉ា លី យ៉ុងផាត់ បានលើកឡើងថា នេះជាការបោះជំហ៊ានដ៏សំខាន់ថ្មីមួយទៀតលើភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្នុងការជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ដែលជាក្បាលម៉ាស៊ីននៃកំណើន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យ ប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០៕