អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំមួយ ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក អឹប អ៊ាន់ ប្រធានប្រតិបត្តិកម្មវិធីអង្គការលំនៅឋានមនុស្សជាតិអន្ដរជាតិកម្ពុជា នៅការិយាល័យសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។

កម្មវិធីសំណេះសំណាល និងពិភាក្សាការងារនេះ មានការចូលរួមពីលោកបណ្ឌិត តាន់ មុនីវណ្ណ ទីប្រឹក្សាសមាគម លោក ហ៊ុយ វណ្ណា អគ្គលេខាធិការសមាគម ក្រុមការងារអគ្គលេខាធិការដ្ឋានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងក្រុមការងារអង្គការលំនៅឋានមនុស្សជាតិអន្ដរជាតិកម្ពុជាផងដែរ។
ក្នុងជំនួបកិច្ចប្រជុំនេះ បានផ្តោតលើខ្លឹមសារសំខាន់ៗដូចជា៖ ១)ការជួបសម្ដែងការគួរសម និងឈ្វេងយល់អំពីការអភិវឌ្ឍវិស័យលំនៅឋាននៅកម្ពុជា ២)បទបង្ហាញពីទស្សនៈវិស័យ និងកម្មវិធីលើកកម្ពស់សុវត្ថិភាពដីធ្លី លំនៅឋានរបស់អង្គការលំនៅឋានមនុស្សជាតិអន្ដរជាតិកម្ពុជា ៣)ផែនការយុទ្ធសាស្ដ្ររយៈពេលវែង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមលើកកម្ពស់ការងារសហគមន៍តាមទីជនបទ។
សូមជម្រាបថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវបានក្រសួងមហាផ្ទៃបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦។ សមាគមនេះមានសុទ្ធតែអ្នកឧកញ៉ា ឧកញ៉ា លោកជំទាវគ្រាក់ៗ ធ្វើជាថ្នាក់ដឹក ក្នុងនោះ អ្នកឧកញ៉ា លី ហួរ ម្ចាស់បុរីវិមានភ្នំពេញ ជាប្រធានសមាគម និងអនុប្រធានជិត ១០រូបទៀត ដែលសុទ្ធតែជាម្ចាស់បុរីនិងផ្ទះល្វែង ដូចជា បុរីពិភពថ្មី, បុរីប៉េងហ៊ួត, បុរីជីបម៉ុងគ្រុប, បុរីអ័រគីដេរ, បុរីវិមានចរណៃ ជាដើម៕



