ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ លោកជំទាវឧកញ៉ា ចាន់ សុទ្ធា ជា «អ្នកឧកញ៉ា» នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៣។
ព្រះរាជក្រឹត្យផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនលោកជំទាវឧកញ៉ា ចាន់ សុទ្ធា លេខ នស/រកត/០៨២៣/១៧៦៣ នេះ ត្រូវបានធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជំទាវឧកញ៉ា ចាន់ សុទ្ធា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាអគ្គនាយិកាក្រុមហ៊ុន សេនជូរី គ្រុប និងជាម្ចាស់ផ្សារទំនើបសេនជូរីផ្លាហ្សា។ ផ្សារទំនើបសេនជូរីផ្លាហ្សា បានសម្ពោធបើកការដ្ឋាន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈមកទល់បច្ចុប្បន្នការសាងសង់ស្ទើរតែបញ្ចប់ ១០០% ហើយ និងគ្រោងបើកដំណើរការនៅចុងឆ្នាំ២០២៣ ខាងមុខនេះ។ ផ្សារទំនើបសេនជូរីផ្លាហ្សា ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានកម្ពស់៧ជាន់ ផ្នែកខាងលើ៥ជាន់ និងក្រោមដី២ជាន់៕