សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានរៀបចំកម្មវិធីបញ្ចប់ឆ្នាំសិក្សារបស់សិស្សានុសិស្សកម្រិតមត្តេយ្យសិក្សា និងប្រគល់វិញ្ញាបនបត្រ ជូនសិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យដោយជោគជ័យ។

ពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យនៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត បានរៀបចំឡើងក្រោមអធិបតីភាព លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី៦ ខែ សីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា និងអាណាព្យាបាលសិស្សជាច្រើននាក់។
ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យ ឧកញ៉ា ហេង សុគន្ធា អគ្គនាយិកានៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត មានប្រសាសន៍ថា សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានយកចិត្តទុកដាក់លើការបង្រៀនដល់សិស្សានុសិស្សជាចម្បង ទាំងកម្មវិធីសិក្សាភាសាខ្មែរ និងកម្មវិធីសិក្សាភាសាបរទេស។ សម្រាប់កម្មវិធីសិក្សាអន្តរជាតិ សាលាបានជ្រើសរើសគ្រូបរទេស បណ្តុះបណ្តាលភាសាដើមកំណើតទាំងអង់គ្លេស និងចិន ដែលមានគរុកោសល្យប្រកបដោយវិជ្ជាជីវៈ និងបទពិសោធយូរឆ្នាំ។

ទន្ទឹមគ្នានេះ សាលាបានលើកកម្ពស់សមត្ថភាពគុណវឌ្ឍន៍ កិត្តិយស និងសេចក្តីថ្លៃថ្នូគ្រូបង្រៀន បន្តអភិវឌ្ឍន៍កម្មវិធិសិក្សាថ្មីៗ ពង្រឹងវិធីសាស្រ្តបង្រៀន និងរៀនតាមវិធីសាស្រ្តថ្មីៗ ពង្រឹងទំនាក់ទំនងជិតស្និតរវាងសាលា និងឪពុកម្តាយសិស្ស និងបង្កើតការស្រាវជ្រាវឯកសារសិក្សាតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញការអភិវឌ្ឍន៍សមត្ថភាពសិស្សស្របតាមការវិវត្តនៃសង្គម និងបច្ចេកវិទ្យាថ្មី។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ សាលាអាមេរិកាំងហ្គោលឌិនហ្គេត ទទួលបានសិទ្ធិអនុវត្តកម្មវិធីសិក្សាថ្នាក់អន្តរជាតិ(IB) ដែលជាកម្មវិធីអប់រំដ៏ធំ និងល្បីល្បាញនៅលើពិភពលោក ដែលជាមាគ៌ានាំសិស្សានុសិស្សកម្ពុជាឈានឆ្ពោះទៅការប្រកួតប្រជែងកម្រិតអន្តរជាតិ។ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ តទៅ សាលា នឹងចាប់ផ្តើមទទួលពាក្យសិស្សចូលរៀន ចាប់ពីថ្នាក់បឋមដល់វិទ្យាល័យ ដែលមានអាយុ ៣ឆ្នាំ ដល់ ១៩ឆ្នាំ ។
លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងការអបអរសាទរចំពោះមាតាបិតា អាណាព្យាបាល ដែលកូនៗបានបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យដោយជោគជ័យ និងឈានទៅកម្រិតមួយទៀត។

ជាមួយគ្នានេះដែរ លោកបានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ នៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត ដែលបានចូលរួមចំណែកជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា និងចូលរួមកសាងមូលធនមនុស្សនៅកម្ពុជា តាមរយៈការពង្រឹងនូវគុណភាពអប់រំ និងការដាក់បញ្ចូលកម្មវិធីសិក្សាជាតិ និងអន្តរជាតិ ជាពិសេសនោះគឺការអប់រំស្តង់ដាររបស់ក្រសួងអប់រំយុវជន និងកីឡា ដើម្បីផ្តល់ជាប្រយោជន៍ដល់កុមារ និងយុវជនកម្ពុជា។
បន្ថែមពីនេះ លោកជំរុញឱ្យសាលាទាំងអស់ ពង្រឹងចំណេះដឹងសិស្សានុសិស្ស ហើយត្រូវអមជាមួយគុណធម៌ សុជីវភាព និងសីលធម៌។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យនេះដែរ ក៏មានការសម្តែងសិល្បៈ និងកម្មវិធីកម្សាន្តផ្សេងៗពីសិស្សានុសិស្សតូចៗ សាលាអាមេរិកាំងហ្គោលឌិនហ្គេត ផងដែរ៕
















