ក្រុមហ៊ុន ភ្នំពេញ ព្រីខាស ផ្លេន (Phnom Penh Precast Plants) របស់លោកឧកញ៉ា ជឹង ធានសេង ដែលបានបង្កើតឡើងរយៈពេលជិត ១០ឆ្នាំមកហើយ ជាក្រុមហ៊ុនសាងសង់ផ្នែកហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ និងកំពុងកាន់គម្រោងសំខាន់ៗរបស់រាជរដ្ឋាភិបាលជាច្រើន នៅពេលបច្ចុប្បន្ន។

ក្រុមហ៊ុន ភ្នំពេញ ព្រីខាស ផ្លេន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ហើយជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ក្នុងការផលិតសសរគ្រឹះ បង្គោលភ្លើង និងលូធ្វើពីស៊ីម៉ង់ត៍ ដែលមានគុណភាពតាមស្តង់ដារអន្តរជាតិជាមួយនឹងការបំពាក់នូវបច្ចេកវិជ្ជាពីប្រទេសអាល្លឺម៉ង់ និងកូរ៉េ ដែលបានឆ្លើយតបទៅតាមតម្រូវការគ្រប់ទីផ្សារក្នុងវិស័យសំណង់ និង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា។

លោកឧកញ៉ា ជឹង ធានសេង ធ្លាប់បានលើកឡើងថា ក្រុមហ៊ុនរបស់លោក បានបង្កើតឡើងនៅចុងឆ្នាំ២០១៣ និងបានចាប់ផ្ដើមដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងឆ្នាំ២០១៤ ក្រោមការបោះទុនរួមគ្នារបស់វិនិយោគិនក្នុងស្រុក ដោយចាប់ផ្ដើមពីការផលិតបង្គោលភ្លើងគ្រប់ប្រភេទ និងគ្រប់ប្រវែង ដែលរហូតមកដល់ពេលនេះបង្គោលភ្លើងរបស់ក្រុមហ៊ុនភ្នំពេញ ព្រីខាសផ្លេន ត្រូវបានដំឡើងនៅទូទាំងរាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុន ភ្នំពេញ ព្រីខាស ផ្លេន បច្ចុប្បន្នកំពុងកាន់គម្រោងស្ថាបនាប្រព័ន្ធលូទឹកស្អុយនៅរាជធានីភ្នំពេញ ជាច្រើនទីតាំង ហើយថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនមួយនេះ ក៏ទើបបញ្ចប់លើគម្រោងសាងសង់ប្រព័ន្ធលូមេរំដោះទឹកភ្លៀងជុំវិញបរិវេណខាងក្រៅ នៃពហុកីឡដ្ឋានជាតិមរតកតេជោ មុនពេលដំណើរការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣។

សូមជម្រាបថា លោកឧកញ៉ា ជឹង ធានសេង អគ្គនាយកក្រុមហ៊ុន ភ្នំពេញ ព្រីខាស ផ្លេន ត្រូវបានគេស្គាល់ថា ជាកូនប្រុសរបស់អ្នកឧកញ៉ា ឡៅ ម៉េងឃីន និងអ្នកឧកញ៉ា ជឹង សុភាព ហៅ «យាយភូ» ខណៈដែលភរិយារបស់លោក គឺលោកជំទាវ តាន់ សឺយមួយ ក៏ជាអ្នកជំនួញមួយរូបផងដែរ៕


