នៅព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣នេះ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុនទូកល្បឿនលឿន GTVC Speedboat Cambodia និងអ្នកឧកញ៉ា ឡាវ កាង ប្រធានក្រុមហ៊ុនឡាវកាង អីមផត អិចផត និងអចលនទ្រព្យ បានអញ្ជើញអមដំណើរលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ការចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នេះ ក៏មានវត្តមានលោក សាយ សំអាល់ បេក្ខភាពរដ្ឋមន្ត្រីថ្មី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក លី រស្មី ស្ថាបត្យករខ្មែរដ៏ឆ្នើម និងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី ព្រមទាំង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីជំនាញទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាច្រើនរូបទៀត។ ជាមួយគ្នានេះ គេក៏ឃើញមានវត្តមាន លោក ហេង ឡាលីន ស្វាមីរបស់លោកស្រីឧកញ៉ា សេង សុវីរដ្ឋា ដែលទើបទទួលបានការតែងតាំងជា «រដ្ឋលេខាធិការ» ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៣ ថ្មីៗកន្លងទៅនេះ អញ្ជើញចូលរួមផងដែរ។
គួរបញ្ជាក់ថា ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) នេះ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដោយប្រើប្រាស់បច្ចេកវិទ្យា Membrane Aerated Biofilm Reactor (MABR) ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអ៊ីស្រាអែល ដែលអនុវត្តដោយក្រុមហ៊ុន Xwater Technology រយៈពេល ២២ខែ និងបានបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ២០២៣ ក្នុងទឹកប្រាក់ប្រមាណ ២០លានដុល្លារ។ មន្ត្រីជំនាញបានឱ្យដឹងថា វត្តមានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣នេះ នឹងរួមចំណែកកាត់បន្ថយការហូរចូលទឹកកខ្វក់ក្នុងសមុទ្របានជាង ៧០ភាគរយ៕