ព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ា ដែលជាឯកសារគតិយុត្តដ៏សំខាន់មួយសម្រាប់គ្រប់គ្រងអ្នកមានគោរមងារឧកញ៉ានៅកម្ពុជា បានទៅដល់ស្ថាប័នព្រះបរមរាជវាំងហើយ ហើយព្រះមហាត្សត្រនឹងឡាយព្រះហស្ថលេខា ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការបង្ហើបឱ្យដឹងពី លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា។
លោកឧកញ៉ា ហ៊ុន ឡាក់ បានឱ្យដឹង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា៖ “នៅក្នុងពេលអន្តរកាល យើងកំពុងតែបញ្ជូនឯកសារច្បាប់ស្តីពីការគ្រប់គ្រងគោរមងារឧកញ៉ា ហើយច្បាប់នេះនឹងចេញក្នុងពេលឆាប់ៗខាងមុខ។ ខាងសមាគមឧកញ៉ាកម្ពុជា បានទទួលដំណឹងថា ឯកសារច្បាប់នេះបានទៅដល់ព្រះមហាក្សត្រហើយ។ ចំពោះច្បាប់នេះ មានចែងជាក់លាក់ហើយ ពីគោរមងារឧកញ៉ា ដូចជា ត្រូវចូលរួមចំណែកអ្វីខ្លះ ការវាយតម្លៃក្នុងការស្នើប្រទានគោរមងារជាឧកញ៉ា ក៏ដូចជា ការដកហូតគោរមងារឧកញ៉ា”។
លោកឧកញ៉ា បានបន្ថែមទៀតថា ពីមុនមក យើងមិនដែលធ្លាប់មាននីតិវិធីគ្រប់គ្រងឧកញ៉ាបែបនេះទេ ដូច្នេះហើយបានជាមានការកើតឡើងនូវបញ្ហាមួយចំនួន ប៉ុន្តែបើនិយាយពីតួលេខ ក្នុងចំណោមឧកញ៉ាជាង ១៣០០នាក់នៅកម្ពុជាបច្ចុប្បន្ន ឧកញ៉ាដែលមានបញ្ហា (រឿងអាស្រូវ) គឺមានចំនួនតិចតួចទេ ហើយសមាគមក៏មានការសោកស្តាយមែនទែនចំពោះរឿងទាំងនេះ ដោយសារពួកគាត់ជាអ្នករកស៊ី និងប្រព្រឹត្តមិនបានត្រឹមត្រូវ។ ចំពោះពេលខាងមុខ សមាគមនឹងធ្វើការសម្របសម្រួល ក៏ដូចជាធ្វើការអំពាវនាវទៅដល់ អ្នកដែលទទួលបានគោរមងារឧកញ៉ា សូមឱ្យជួយលើកនូវគុណតម្លៃអ្នកមានគោរមងារឧកញ៉ា ចូលរួមចំណែកក្នុងការសហការ ក៏ដូចជាការចូលរួមចំណែកការងារសង្គមផ្សេងៗ។
យោងតាមស្ថិតិគិតមកត្រឹមខែមិថុនា ឆ្នាំ២០២៣ កម្ពុជាមានចំនួនឧកញ៉ា និងអ្នកឧកញ៉ា ប្រមាណជាង ១,៣០០នាក់។ បើតាមសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានអនុក្រឹត្យមួយពាក់ព័ន្ធនឹងឧកញ៉ា ហើយរដ្ឋក៏បានផ្ដល់គោរមងារឧកញ៉ាជូនសប្បុរសជនមានទឹកចិត្តសប្បុរសជួយជាតិ និងប្រជាជន ហើយក៏មានលំដាប់ឧកញ៉ាចំនួន៣ដែរដែលរួមមាន ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា ព្រមទាំងមានសមាគមធ្វើការងារពាក់ព័ន្ធនឹងឧកញ៉ាត្រូវបានបង្កើតឡើងជាបន្តបន្ទាប់។
សូមជម្រាបដែរថា បើយោងតាមសេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ា គឺមាន១០ជំពូក ដែលមានចែងអំពីបទប្បញ្ញត្តិទូទៅ ស្ថាប័នមានសមត្ថកិច្ច លក្ខខណ្ឌ និងលក្ខណៈសម្បត្តិ ដែលត្រូវផ្ដល់គោរមងារឧកញ៉ា យន្តការវាយតម្លៃ ឯកសណ្ឋានផ្លូវការរបស់គោរមងារ សិទ្ធិ និងកាតព្វកិច្ច ការបញ្ចប់គោរមងារ អន្តរប្បញ្ញត្តិ និងអវសានប្បញ្ញត្តិ៕