លោកឧកញ៉ា រ៉ាត់ ដារ៉ារ័ត្ន ធុរជនវ័យក្មេងក្នុងវិស័យបដិសណ្ឋារកិច្ច និងគ្រប់គ្រងសណ្ឋាគារលំដាប់ផ្កាយ៥ នៅកម្ពុជា បានប្រាប់ពីមូលហេតុដែលលោកបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកព័ត៌មានវិទ្យា (IT) ប៉ុន្តែបែជាបន្តលើជំនាញផ្សេង គឺផ្នែកធុរកិច្ច សម្រាប់ថ្នាក់អនុបណ្ឌិត នៅសហអាមេរិក មុនវិលត្រឡប់មកបម្រើការងារនៅមាតុប្រទេស លើទឹកដីកម្ពុជាវិញ នៅឆ្នាំ២០១៤។

ឧកញ៉ា រ៉ាត់ ដារ៉ារ័ត្ន ដែលជាកូនទី២ ក្នុងចំណោមបងប្អូនចំនួន៣នាក់ ក្នុងគ្រួសារ បានបញ្ចប់ការសិក្សាថ្នាក់ទី៩ នៅវិទ្យាល័យបាក់ទូក។ បន្ទាប់មក លោកត្រូវបានក្រុមគ្រួសារ បញ្ជូនឱ្យទៅសិក្សានៅសហរដ្ឋអាមេរិក រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ លើផ្នែកព័ត៌មានវិទ្យា ជំនាញអភិវឌ្ឍន៍កម្មវិធី (Programming)។ លោកឧកញ៉ា ក៏បានបន្តយកសញ្ញាបត្រអនុបណ្ឌិត ផ្នែកធុរកិច្ច នៅសហរដ្ឋអាមេរិក ព្រមទាំងបានចេញធ្វើការឱ្យក្រុមហ៊ុនអាមេរិក ជាង ២ឆ្នាំ ទើបវិលត្រឡប់មកកម្ពុជាវិញ នៅឆ្នាំ២០១៤ ហើយបានចូលបម្រើការនៅក្រុមហ៊ុន SUN & MOON Group រហូតមកដល់បច្ចុប្បន្ន។
លោកឧកញ៉ា បានថ្លែងឱ្យដឹងក្នុងបទសម្ភាសន៍ជាមួយ Oknha News យ៉ាងដូច្នេះថា៖ «តាមពិតអ្នកខ្លះគាត់សួរថា ម៉េចបានរៀនជំនាញ IT នៅថ្នាក់បរិញ្ញាបត្រ តែដល់ថ្នាក់អនុបណ្ឌិតទៅរៀនផ្នែកធុរកិច្ចវិញ? ចម្លើយរបស់ខ្ញុំ ទី១ផ្នែកព័ត៌មានវិទ្យា (IT) គឺជាចំណង់ចំណូលចិត្ត តែនៅពេលយើងផ្តោតមកវិញ តើយើងប្រើ IT បន្តទៅលើផ្នែកអ្វីទៀត? បានខ្ញុំយល់ថាជំហានបន្តគឺយើងប្រើលើផ្នែកធុរកិច្ចនេះតែម្តង។ នៅពេលយើងក្រឡេកមកមើលវិញ នៅសព្វថ្ងៃនេះ បើយើងផ្តោតលើផ្នែកធុរកិច្ចសុទ្ធសាធ ហើយយើងមិនមានភាពជឿនលឿនផ្នែកព័ត៌មានវិទ្យាទេ ក៏មានការលំបាកដែរ។ ដូច្នេះបូកផ្សំជំនាញទាំងពីរនេះមក គឺបានផ្តល់នូវចំណេះវិជ្ជាច្រើន»។

ឧកញ៉ា រ៉ាត់ ដារ៉ារ័ត្ន បានបន្ថែមថា សព្វថ្ងៃនេះ ផ្នែកព័ត៌មានវិទ្យាមានការរីកចម្រើនលឿនមែនទែន ស្ទើរអាចនិយាយបានថា ផ្នែក IT គឺជាអ្នកដឹកនាំផ្នែកផ្សេងៗទាំងអស់។ ជាពិសេសដូចជានៅ SUN & MOON Hotel Riverside គឺបានផ្តោតច្រើនលើ IT។ ឧទាហរណ៍ ផ្នែកបដិសណ្ឋារកិច្ចចំពោះភ្ញៀវ ឥឡូវពេលភ្ញៀវអញ្ជើញមកដល់សណ្ឋាគារ ពួកគាត់អាចទាញយកកម្មវិធី App លើទូរស័ព្ទដៃ របស់ SUN & MOON ហើយគាត់អាចទាក់ទងបុគ្គលិកសណ្ឋាគារ ដោយពុំចាំបាច់លើកទូរស័ព្ទនិយាយដូចពីមុនទេ ហើយនៅពេលគាត់ត្រូវការកក់សេវាកម្មផ្សេងៗ គឺគាត់អាចប្រើប្រាស់ App នេះបាន។ នេះជាចំណែកមួយនៃផ្នែកព័ត៌មានវិទ្យា ដែលក្រុមហ៊ុនរបស់លោកបានដាក់បញ្ចូលមក ដោយព្យាយាមបង្កើតយ៉ាងណា ដើម្បីអាចបម្រើសេវាកម្មជូនភ្ញៀវ ឱ្យកាន់តែមានភាពងាយស្រួល។

សូមជម្រាបថា ឧកញ៉ា រ៉ាត់ ដារ៉ារ័ត្ន បច្ចុប្បន្នជាអគ្គនាយករងក្រុមហ៊ុន SUN & MOON GROUP និងជាប្រធានសមាគម សណ្ឋាគារកម្ពុជាអាណត្តិថ្មី។ លោកជាកូនប្រសារអ្នកឧកញ៉ា ជា រតនា អគ្គនាយកក្រុមហ៊ុន សណ្ឋាគារ សាន់ អ៊ែនមូន គ្រុប និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី។ លោក រ៉ាត់ ដារ៉ារ័ត្ន ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកធុរកិច្ចពីសាកលវិទ្យាល័យកម្ពុជា នៅឆ្នាំ២០១៩។ កាលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ លោកត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ជាមួយនឹងភរិយារបស់លោក គឺលោកស្រី ជា ឡាក់គី៕