លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកព័ត៌មានទូរទស្សន៍ PNN ដែលស្ថានីយទូរទស្សន៍របស់អ្នកឧកញ៉ា លី យ៉ុងផាត់ នឹងក្លាយជា អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅអាណត្តិទី៧នេះ។ នេះបើតាមការបង្ហើបឱ្យដឹងពីសម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី១៤ ខែសីហា។
ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានជាង ១០០នាក់ ដែលតាមយកព័ត៌មានអំពីសកម្មភាពការងាររបស់សម្ដេចជាច្រើនឆ្នាំ នៅវិមានសន្តិភាព កាលពីព្រលប់ម្សិលមិញនេះ សម្តេចតេជោ បានប្រកាសថា លោក ប៉ែន បូណា នឹងក្លាយជាអ្នកនាំពាក្យរបស់រដ្ឋាភិបាល អណត្តិទី៧ ខណៈដែលលោក ប៉ែន បូណា ក៏ស្ថិតក្នុងពិធីនោះដែរ ព្រមទាំងទទួលបានការបំពាក់មេដាយពីសម្តេចតេជោ ផងដែរ។
លោក បូណា ត្រូវបានចាត់ទុកជាអ្នកកាសែតចាស់វស្សាប្រកបដោយសក្តានុពល ទេពកោសល្យ ចំណេះដឹងជ្រាលជ្រៅក្នុងវិស័យព័ត៌មាន។ លោកក៏ជាអ្នកតាមដានព្រឹត្តិការណ៍សង្គម នយោបាយទាំងក្នុងស្រុក និងអន្តរជាតិ ហើយធ្វើការវិភាគអធិប្បាយប្រកបដោយតម្លាភាពកំពុងទទួលបានប្រជាប្រិយភាព។ លោកកំពុងដឹកនាំស្ថាប័នក្រៅរដ្ឋាភិបាលមួយក្នុងវិស័យព័ត៌មាន គឺប្រធានក្លិបអ្នកកាសែតកម្ពុជា ចំនួន ២ អាណត្តិ រយៈពេល៨ឆ្នាំ ដែលប្រមូលផ្តុំដោយអ្នកសារព័ត៌មាន ហើយធ្វើការបណ្តុះបណ្តាល ដើម្បីជាអាវុធអាវក្រោះក្នុងអាជីពអ្នកកាសែត។
លោក ប៉ែន បូណា អតីតអ្នកសារព័ត៌មានកាសែតរស្មីកម្ពុជា និងអតីតនិពន្ធនាយកវិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសា អស់ជាច្រើនឆ្នាំ មុនឈានជើងកាន់មុខដំណែងនិពន្ធនាយកព័ត៌មានទូរទស្សន៍ PNN។ លោក សម្រេចលាលែងតំណែងជាប្រធានក្លឹបអ្នកកាសែតកម្ពុជា ក្រោយលោកទទួលបានការតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន កាលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ប៉ែន បូណា ត្រូវបាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន សម្រេចចាត់តាំងប្រគល់ភារកិច្ច ឱ្យទទួលបន្ទុកការងារសម្របសម្រួលពង្រឹងប្រសិទ្ធភាពវិជ្ជាជីវៈសារព័ត៌មាន ការងារផ្សាយព័ត៌មាន និងការងារសមាគមសារព័ត៌មាន៕