លោកឧកញ៉ា ព្រាប សុវត្ថិ អគ្គនាយកក្រុមហ៊ុន ព្រាប សុវត្ថិ អ៊ីនវេសមេន កាលពីថ្ងៃទី១៣ ខែសីហា បានរៀបចំកម្មវិធីប្រគល់ប្លង់រឹងជូនដល់អតិថិជន នៃគម្រោងដីបែបលំនៅដ្ឋាន នៅតំបន់កំពុងមានសក្តានុពលខ្លាំង នៅជិតនឹងពហុកីឡដ្ឋានជាតិមរតកតេជោ ផ្សារ AEON II ផ្សារម៉ាក្រូ ផ្សារដើមគរថ្មី និងនៅជិតនឹងមន្ទីពេទ្យតេជោសន្តិភាព ដែលជាមន្ទីពេទ្យធំជាងគេនៅប្រទេសកម្ពុជា។

លោកឧកញ៉ា បានលើកឡើងថា គ្រប់គម្រោងរបស់លោក តែងតែយកចិត្តទុកដាក់ទៅលើការឌីហ្សាញ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង។ គម្រោងទី២នេះ មានហេដ្ឋារចនាសម្ព័ន្ធបែបបុរី ផ្លូវភ្លោះ សួននៅកណ្តាល ទឹក ភ្លើង និងផ្លូវបេតុងខ្វាត់ខ្វែង ដែលមានទទឹងផ្លូវដល់ ១៣,៥ម៉ែត្រ ព្រមទាំងមានខ្យល់ និងអាកាសធាតុល្អមែនទែន ប្រកបដោយផាសុកភាព។
«ថ្ងៃនេះជាថ្ងៃដ៏ពិសេសមួយ សម្រាប់ការជួបជុំគ្នាដោយស្នាមញញឹម ដោយការទទួលរ៉ាក់ទាក់។ ដីតំបន់នេះ ជាដីដែលខ្ញុំខ្លួនគិតថាពេលចូលនិវត្តន៍ នឹងមករស់នៅទីនេះ ព្រោះធម្មជាតិ និងអាកាសធាតុល្អ ហើយសុវត្ថិភាព និងមានភូមិនៅជុំវិញ។ ខ្ញុំមានគម្រោងនៅទីនេះមួយ និងនៅផ្លូវ៤២ ជិតផ្សារបែកចានមួយទៀត បើសិនជាបងប្អូនចង់ជ្រើសរើសនៅតំបន់នោះក៏មានដែរ។ ដីគម្រោងផ្លូវ១៣០ ក្នុងរាជធានីភ្នំពេញនេះ ទៅថ្ងៃមុខនឹងពិបាករក ព្រោះស្ថិតនៅក្នុងក្រុង ហើយជិតផ្សារធំៗ និងមានអ្នកទេសចរណ៍មករាល់ថ្ងៃ។ ជាក់ស្តែង ដូចផ្ទះបាយ ព្រាប សុវត្ថិ ស្ថិតនៅក្នុងគម្រោងដីនេះ គឺបងប្អូនមកលេងកម្សាន្តមិនដែលដាច់នោះទេ។ គម្រោងដីបែបលំនៅឋានយើងនេះ បើបងប្អូនទិញនៅពេលនេះជាឱកាសល្អ និងទទួលបានប្រម៉ូសិនពិសេសទៀតផង»។ ឧកញ៉ា ព្រាប សុវត្ថិ បានបញ្ជាក់បន្ថែម។
គួរបញ្ជាក់ថា គម្រោងដីបែបលំនៅឋាន លោកឧកញ៉ា ព្រាប សុវត្ថិ ជាដីស្ថិតនៅភូមិសាស្ត្ររាជធានីភ្នំពេញ ខណ្ឌព្រែកព្នៅ មានប្លង់រឹង ហើយនៅពេលនេះកំពុងមានប្រូម៉ូសិនពិសេស ដោយលោកអ្នកមានត្រឹមតែ ៣៩០០ដុល្លារ ក៏អាចក្លាយជាម្ចាស់ដីបានដែរ៕










