ឧកញ៉ា អ៉ឹង គីមហុង៖ វិស័យអចលនទ្រព្យ មានដើមទុន ១០០% ទើបអត់ហានិភ័យ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា អ៊ឹង គីមហុង រហស្សនាម «ឧកញ៉ា​គួរ​ឱ្យ​ស្រឡាញ់» អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ TLL យល់​ថា ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​មិនច្បាស់លាស់​នា​ពេល​នេះ សម្រាប់​វិស័យ​អចលនទ្រព្យ គឺ​ទាល់​តែ​មាន​ដើមទុន ១០០% តែ​ម្តង ទើប​មិន​កើត​មាន​នូវ​ហានិភ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កត្តាសេដ្ឋកិច្ច​សកល​របស់​ពិភពលោក​មាន​ការ​ធ្លាក់ចុះ ការ​បន្ត​សង្គ្រាម​​រវាង​ប្រទេស​រុស្ស៊ី-អ៊ុយក្រែន បញ្ហា​​ជំងឺ​កូវីដ-១៩ អូស​បណ្តាយ​ជា​ច្រើន​ឆ្នាំ សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក-ចិន ព្រម​ទាំង​កត្តា​គ្រោះ​ធម្មជាតិ​​មួយ​ចំនួន​ទៀត បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា មិន​អាច​បញ្ចៀស​ហានិភ័យ​ពី​វិបត្តិសេដ្ឋកិច្ច​បាន​ទាំង​ស្រុង​នោះ​ទេ។ ជាពិសេស មួយ​រយៈ​ចុង​ក្រោយ​នេះ​ វិស័យ​អចលនទ្រព្យ ​​​​​បាន​ជួប​ហានិភ័យ​គួរ​ឱ្យ​កត់​សម្គាល់ ​​សម្រាប់​អ្នកវិនិយោគ​ក្នុង​ស្រុក​មួយ​ចំនួន ដែល​ពុំ​មាន​ដើមទុន​​​ទាំង​ស្រុង។ ចំពោះ​បញ្ហា​នេះ លោក​ឧកញ៉ា អ៉ឹង គីមហុង ​ដែលជាអ្នកជំនួញលើវិស័យអចលនទ្រព្យជាច្រើនឆ្នាំ បាន​លើក​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ យ៉ាង​ដូច្នេះ​ថា៖ “វិស័យអចលនទ្រព្យ មានដើមទុន ១០០% ទើបអត់ហានិភ័យ”។

គួរ​រំឭក​​ថា កាលពី​ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ធនាគារ​ជាតិ​នៃ​កម្ពុជា ​​បាន​ចេញ​សេចក្តីប្រកាសព័ត៌មាន​មួយ​​ថា កម្ពុជា​រំពឹង​មានកំណើនសេដ្ឋកិច្ច ៥,៥ភាគរយ ក្នុងឆ្នាំ២០២៣។ ជាមួយនឹងកំណើននេះ​ សេដ្ឋកិច្ចកម្ពុជា​​ក៏ប្រឈមនូវហានិភ័យមួយចំនួនផងដែរ។ ជាពិសេស គឺហានិភ័យខាងក្នុងប្រទេស​ ដែលអាចកើតមានឡើង​ពី​វិស័យអចលនទ្រព្យ។

សេចក្តីប្រកាសព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា ក្នុងរយៈពេលប្រមាណ១០ឆ្នាំមុនវិបត្តិកូវីដ-១៩ផ្ទុះឡើង វិស័យ​អចលនទ្រព្យនៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ប៉ុន្តែ ការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងក្នុង​ស្រុក​ដោយសារវិបត្តិកូវីដ-១៩ រួមទាំងការងើបឡើងក្នុងស្ថានភាពមិនប្រាកដប្រជា បានធ្វើឱ្យតម្រូវការ​ក្នុងវិស័យនេះ​ធ្លាក់ជាលំដាប់។ ស្ថានភាពនេះទាមទារឱ្យមានការតាមដានយ៉ាងប្រយ័ត្ន ជាពិសេសលើការ​ផ្តល់ឥណទានទៅ​កាន់​វិស័យអចលនទ្រព្យ ព្រមទាំងពង្រឹងកិច្ចសហការ​យ៉ាងជិតសិ្នតរវាងអាជ្ញាធរព័ន្ធពាក់​ ដើម្បីគ្រប់គ្រង​ហានិភ័យ​ដែលអាចកើតមានឡើង និងឥទ្ធិពលរាលដាលទៅកាន់វិស័យផ្សេងទៀត៕