ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា ម៉េត តារាម៉ូវ ជា «អ្នកឧកញ៉ា» នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឧកញ៉ា ម៉េត តារាម៉ូវ វ័យ២៩ឆ្នាំ ត្រូវបានគេស្គាល់ថា ជាកូនប្រុសរបស់ អ្នកឧកញ៉ា យូ សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ស៊ឹង ហ្គេចអ៊ីម។ លោកឧកញ៉ា ម៉េត តារាម៉ូវ ជាឧកញ៉ាវ័យក្មេង បច្ចុប្បន្នកំពុងកាន់តួនាទីជាអគ្គនាយករង ក្រុមហ៊ុន ECON Group ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងៗទៀត ទាក់ទងទៅនឹងផ្នែកអចលនទ្រព្យ ភោជនីយដ្ឋាន ប្រព័ន្ធផ្សព្វផ្សាយវិទ្យុ និងផលិតផលសុខភាព។ បើធៀបនឹងអាយុក្នុងចំណោមអ្នកឧកញ៉ា លោកឧកញ៉ា ម៉េត តារាម៉ូវ គឺជាអ្នកឧកញ៉ា ដែលមានវ័យក្មេងជាងគេបំផុត នៅកម្ពុជា៕

