ជំនឿចិត្តមនុស្សម្នាក់ដើរទន្ទឹមគ្នានឹងចំណេះដឹងដែលគេមាន ព្រមទាំងព័ត៌មានដែលគេទទួលបាន ពោល គឺបើអ្នកមានការយល់ដឹង និងបទពិសោធន៍កាន់តែច្រើន នោះអ្នកក៏កាន់តែមានភាពជឿជាក់លើខ្លួនឯងដែរ។ ដូច្នេះគ្រប់គ្នាត្រូវតែបន្តរៀនសូត្រ និងក្រេបជញ្ជក់ព័ត៌មានជុំវិញខ្លួនជាប្រចាំ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរក្សា និងបង្កើនជំនឿចិត្តខ្លួនឯង ទើបអ្នកអាចធ្វើឲ្យជីវិតពោរពេញដោយកម្លាំងជំរុញឆ្ពោះទៅរកភាពជោគជ័យដែលអ្នកប៉ងប្រាថ្នាបាន។
១.ឈប់ប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ៖ ត្រូវចាំថាអ្នកមើលឃើញតែអ្វីដែលគេបង្ហាញឲ្យអ្នកឃើញប៉ុណ្ណោះ អ្នកមិនបានដឹងថាមុនគេទទួលជោគជ័យដូចបច្ចុប្បន្ននេះ គេបានហែឆ្លងការលំបាកអ្វីខ្លះនោះឡើយ។
២. ត្រូវជឿជាក់ថាខ្លួនអាចធ្វើបាន ៖ បុគ្គលជោគជ័យបំផុត ក៏នៅតែមានកម្រិត។ អ្វីដែលធ្វើឲ្យពួកគេខុសប្លែកពីសាមញ្ញជននោះ គឺ គេជ្រើសរើសផ្ដោតតែទៅលើការពង្រឹងសមត្ថភាពខ្លួនឯង និងអ្វីដែលគេអាចធ្វើបាន ជាជាងការគិតដល់រឿងដែលគេមិនអាចធ្វើបាន។
៣. រស់នៅក្នុងការពិតដែលវិជ្ជមាន ៖ អ្នកត្រូវតែរំលឹកខ្លួនឯងជារឿយៗ ពីអ្វីដែលអ្នកអាចធ្វើ ពីសមត្ថភាពខ្លួនឯង និងសម្មតិផលដែលអ្នកសម្រេចបានកន្លងមក។ បើទោះជាការគិត និងសម្តីវិជ្ជមានតែម្យ៉ាង មិនអាចធ្វើឲ្យអ្នកក្លាយជាមនុស្សដែលពោរពេញដោយជំនឿចិត្តក្តី តែយ៉ាងហោចណាស់អ្នកក៏ត្រូវតែមានសុទិដ្ឋិនិយមចំពោះជីវិតខ្លួនដែរ។
៤. កុំពាក់ស្រោមមុខ ៖ មានន័យថាត្រូវធ្វើជាខ្លួនឯង មិនមែនត្រូវពុតសម្ដែងធ្វើជាមនុស្សផ្សេង ដើម្បីឲ្យគេឯងសរសើរនោះឡើយ។ ជំនឿចិត្តជារឿងផ្ទាល់ខ្លួន ទាមទារអ្នកត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់ ថាអ្នកជាអ្នកណា ចង់បានអ្វី ហើយអ្នកកំពុងនៅកន្លែងណា ត្រូវកំណត់គោលដៅជីវិត និងមានភាពជាអ្នកដឹកផ្ទាល់ខ្លួនជាក់លាស់។
៥. ធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ៖ ត្រូវចាំថាអ្នកមិនអាចកែប្រែអ្វីដែលបានកើតឡើងរួចហើយក្នុងអតីតកាលនោះទេ។ អ្នកដែលរស់នៅប្រកបដោយជំនឿចិត្តនឹងអាចរៀបចំគម្រោង ត្រួសត្រាយផ្លូវក្នុងពេលបច្ចុប្បន្នរបស់គេ ទៅរកអនាគតមួយដែលខ្លួនចង់បាន។
៦. ត្រូវមានការតាំងចិត្តមុតមាំ ៖ មានការទទួលខុសត្រូវខ្ពស់ ប្ដេជ្ញាចិត្តឲ្យពេញទំហឹងបំពេញរាល់ការងារដែលអ្នកត្រូវធ្វើ ដើម្បីបង្កើតភាពជោគជ័យជារៀងរាល់ថ្ងៃ។ ជោគជ័យតូច ប្រចាំថ្ងៃនឹងពួនផ្តុំទៅជាជោគជ័យធំ ហើយវានឹងជំរុញឲ្យអ្នកកាន់តែជឿជាក់លើខ្លួនឯង។ ប្រសិនបើអ្នកយល់ថាមិនស្រួលចិត្ត ឬពិបាកធ្វើនោះ មានន័យថាអ្នកកំពុងតែដើរលើផ្លូវខុសហើយ ។ ចៀសវាងទម្លាប់ពន្យឺតឬ ពន្យារពេល និងធ្វើអីលំៗឲ្យតែរួចដៃ។
ប្រភពផេក៖ Oknha Nourn Ork ឧកញ៉ា នួន អក