តើមានលក្ខខ័ណ្ឌ និងលក្ខណសម្បត្តិអ្វីខ្លះត្រូវបានស្នើសុំគោរមងារឧកញ៉ានិងបញ្ចប់គោរមងារឧកញ៉ា?

ជុំវិញ​ឧកញ៉ា

ព្រះរាជក្រឹត្យគ្រប់គ្រងឧកញ៉ា លេខនស/រកត/០៨២៣/១៧៣២ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣នេះ បានផ្តល់សិទ្ធិឲ្យគណៈកម្មការអន្តរក្រសួងមកពីក្រសួងស្ថាប័នចំនួន ៦ ក្នុងការពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថាប័នមានសមត្ថកិច្ចដែលទទួលក្នុងការពិនិត្យ និងវាយតម្លៃផ្តល់គោរមងារ និងបញ្ចប់គោរមងារឧកញ៉ារួមមាន៖ ទីស្តីការគណៈរដ្ឋមន្រ្តី, ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា។

ក្នុងព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា ជំពូកទី៣ ទី៤ បានកំណត់លំដាប់ថ្នាក់ លក្ខខណ្ឌនិងលក្ខណសម្បត្តិដែលត្រូវផ្តល់គោរមងារឧកញ៉ាតាមលំដាប់ថ្នាក់ រួមមាន៖ លំដាប់ថ្នាកទី១ លោកអ្នកឧកញ៉ា, លំដាប់ថ្នាក់ទី២, អ្នកឧកញ៉ា លំដាប់ថ្នាក់ទី៣ ឧកញ៉ា ត្រូវផ្តល់ជូនដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរដោយផ្អែកតាមគុណបំណាច់របស់រូបវន្តបុគ្គលម្នាក់ៗក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិ មានជាអាទិ៍ការផ្តល់អំណោយជាថវិកា ការចូលរួមបរិច្ចាគធនធានទ្រព្យសម្បត្តិ សម្ភារបរិក្ខានានាជូនរដ្ឋ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដែលក្នុងនោះមានផ្លូវ ស្ពាន សាលារៀន វត្ត អាគារសាធារណៈជាដើម ស្នាដៃពិសេសក្នុងវិស័យណាមួយឬរបកគំហើញនូវបច្ចេកវិទ្យាថ្មីៗណាមួយដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។

សម្រាប់ទំហំទឹកប្រាក់នៃអំណោយជាថវិកា តម្លៃសរុបនៃការផ្តល់អំណោយ ស្នាដៃពិសេស និងរបកគំហើញនូវបច្ចេកវិទ្យាថ្មីៗដែលត្រូវផ្តល់ជូនគោរមងារឧកញ៉ាលំដាប់ថ្នាក់ណាមួយត្រូវកំណត់ដោយអនុត្រឹត្យ។

ក្រៅពីលក្ខខណ្ឌដែលបានកំណត់ក្នុងព្រះរាជក្រឹត្យនេះ រូបវន្តបុគ្គលត្រូវតែជាប្រជាពលរដ្ឋខ្មែរដែលត្រូវផ្តល់គោរមងារឧកញ៉ា ត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម៖ មានប្រវត្តិរូបច្បាស់លាស់, មានកិរិយាមារយាទល្អ, មិនធ្លាប់ត្រូវបានផ្តន្ទាទោសបទឧក្រិដ្ឋឬបទមជ្ឈិមណាមួយ និងប្រកបមុខរបរស្របច្បាប់។

គោរមងារឧកញ៉ាមានវិសមិតភាពជាមួយមន្រ្តីរាជការសាធារណៈដែលកំពុងបំពេញការងារក្នុងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីកងយោធពលខេមរភូមិន្ទ និងមន្រ្តីនរគបាលជាតិ។

គោរមងារឧកញ៉ាតាមលំដាប់ថ្នាក់ត្រូវផ្តល់ជូនរូបវន្តបុគ្គលដោយព្រះរាជក្រឹត្យតាមសំណើរបស់នាយករដ្ឋមន្រ្តី បន្ទាប់ពីមានសេចក្តីស្នើសុំពីរដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ផ្អែកតាមយោបល់ពិនិត្យនិងវាយតម្លៃរបស់គណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារនិងការបញ្ចប់គោរមងារឧកញ៉ា ដោយអនុលោមតាមព្រះរាជក្រឹត្យនេះ។

បើតាមព្រះរាជក្រឹត្យខាងលើ ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពិនិត្យនិងវាយតម្លៃលើលក្ខណសម្បត្តិរូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ និងគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រួចលើកសំណើមកគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារនិងការបញ្ចប់គោរមងារឧកញ៉ាតាមរយៈក្រសួងមហាផ្ទៃ។ បែបបទនិងនីតិវិធីនៃការស្នើសុំនិងការវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា ត្រូវកំណត់ដោយអនុក្រឹត្យ។

នៅក្នុងព្រះរាជក្រឹត្យដដែល លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់កម្ពុជា ប្រកាន់ភ្ជាប់នូវសីលធម៌ស្អាតស្អំប្រកបមុខរបរស្របច្បាប់ និងចៀសវាងសកម្មភាពណាមួយដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។

ដោយឡែកសម្រាប់គោរមងារឧកញ៉ាអាចត្រូវបានបញ្ចប់ក្នុងករណីដូចខាងក្រោម៖ គោរមវន្តសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត, មិនបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣ឆ្នាំជាប់គ្នាដោយគ្មានមូលហេតុ, ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិម, ត្រូវបានរកឃើញថាគោរមវន្តបានប្រព្រឹត្តល្មើសនឹងព្រះរាជក្រឹត្យនេះ និងត្រូវបានរកឃើញថាសំណុំឯកសារស្នើសុំគោរមងារឧកញ៉ាមានការក្លែងបន្លំ។ នាយករដ្ឋមន្រ្តីអាចស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់ើត្បូងដើម្បីទ្រង់ព្រះរាជទានព្រះរាជក្រឹត្យបញ្ចប់គោរមងារឧកញ៉ាពីគោរមវន្តក្នុងករណីមានចែងក្នុងព្រះរាជក្រឹត្យនេះ។

ព្រះរាជក្រឹត្យនេះមិនប៉ះពាល់ដល់គោរមងារឧកញ៉ាដែលត្រូវបានផ្តល់មុនពេលព្រះរាជក្រឹត្យនេះចូលជាធរមានឡើយ ប៉ុន្តែគោរមវន្តទាំងអស់ត្រូវអនុវត្តសិទ្ធិនិងកាតព្វកិច្ចដែលមានកំណត់ក្នុងព្រះរាជក្រឹត្យនេះ។ មន្រ្តីរាជការសាធារណៈដែលកំពុងបំពេញការងារក្នុងក្របខណ្ឌក្រសួងស្ថាប័នរបស់រដ្ឋ កងយោធពលខេមរភូមិន្ទ និងមន្រ្តីនគរបាលជាតិ ដែលទទួលបានគោរមងារឧកញ៉ាមុនព្រះរាជក្រឹត្យនេះចូលជាធរមានត្រូវធ្វើការស្នើសុំលាឈប់ប្រើប្រាស់គោរមងារឧកញ៉ាបន្ទាប់ពីព្រះរាជក្រឹត្យនេះចូលជាធរមាន៕