អ្នកឧកញ៉ា ទ្រី ភាព អមដំណើរលោក ជា សុផារ៉ា ចុះពិនិត្យដំណើរការសាងសង់កំពង់ផែ តម្លៃជាង ៣០០លានដុល្លារ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ទ្រី ភាព ​​បាន​អញ្ជើញ​អមដំណើរ​​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យដំណើរការសាងសង់កំពង់ផែ​​ពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្ម ​​​តម្លៃ​ជាង ៣០០​លាន​ដុល្លារ នៅ​ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​​ឱកាស​ចុះពិនិត្យដំណើរការសាងសង់កំពង់ផែ​​ពហុបំណង ​​និងសំណេះសំណាលជា​មួយ​បុគ្គ​លិក និងកម្មករ ជាង ៣០០​នាក់ ដែលកំពុងបម្រើការងារនៅទីនោះ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចាត់ទុកការ​វិនិយោគនេះ ជាការ​រួមចំណែកធ្វើឱ្យ​ប្រសើរឡើងលើប្រព័ន្ធដឹកជញ្ជូនរបស់កម្ពុជា រួមចំណែកលើកម្ពស់​សេដ្ឋកិច្ច​ជាតិ ជួយ​ប្រជាពលរដ្ឋមានការងារធ្វើ និងមានជីវភាពល្អប្រសើរ។ លោក ជា សុផារ៉ា ក៏​បានកោតសរសើរ​ថ្នាក់​ដឹកនាំ​ក្រុម​ហ៊ុន KLP.T TRANSPORTATION Co.,Ltd ដែលមានឆន្ទៈច្បាស់លាស់​ក្នុង​​ការវិនិយោគ ហើយធ្វើឱ្យ​ហេដ្ឋារចនាសម្ព័ន្ធនានា លេចចេញជារូបរាងយ៉ាង​ឆាប់​​រហ័ស។

កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មស្ថិតនៅតំបន់​ភ្នំទេ​ពី ភូមិកែងតាសុខ ឃុំកំពង់ហាវ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ​​ស្ថិត​ក្រោម​ការ​វិនិយោគ​របស់​ក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd របស់​អ្នកឧកញ៉ា ទ្រី ភាព ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ នេះជា​​គម្រោងវិនិយោគដ៏ធំជាលើកដំបូង​ សម្រាប់​ទឹក​ដី​ស្រុកកំពង់លែង ជាមួយទឹកប្រាក់រហូតដល់ទៅជាង ៣០០លានដុល្លារអាមេរិក។

លោក ប្រាក់ វុទ្ធី តំណាងក្រុមហ៊ុនខាងលើ បានឱ្យដឹងថា ផ្ទៃដីដែលរាជរដ្ឋាភិបាល​អនុ​ញ្ញាត​ឱ្យ​វិនិ​យោគ​មាន​ទំហំប្រមាន ១០០ហិកតា ហើយគម្រោង​វិនិ​យោគ​របស់ក្រុមហ៊ុន​នៅតំបន់នេះ រួមមាន កំពង់ផែដឹកជញ្ជូនទំនិញ បង្កើតមណ្ឌលសន្និធិ​ប្រេង បង្កើត​រម​ណី​យ​​​ដ្ឋាន​ទេសចរណ៍ និងតំបន់សេដ្ឋកិច្ចពិសេស (តំបន់ឧស្សាហកម្ម ទីផ្សារដោះដូរ​ទំនិញ ឃ្លាំង​សម្រាប់ជួលស្តុកទំនិញ និងចែកចាយទំនិញលក្ខណៈជាតិ និងអន្តរជាតិ)។

សូម​ជម្រាប​ថា បច្ចុប្បន្ននេះក្រុមហ៊ុន ​សម្រេចបានការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមានការចាក់ដី​លើកកម្ពស់ទីធ្លាផែបញ្ចៀសទឹកលិចនារដូវវស្សា ចាក់ផ្លូវបេតុង​ពី​ផ្លូវ​ជាតិ ចូលទីតាំងផែ សាងសង់ស្ថានីយ៍​ជញ្ជីង​ថ្លឹង សាងសង់អគារ​រដ្ឋបាលផ្សេងៗទៀត ហើយ​ពេលនេះកំពង់ផែ ក៏អាចដំណើរការ​ដឹកជញ្ជូនបានផងដែរ៕