មន្ត្រីរាជការសាធារណៈ ដែលកំពុងបំពេញការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល មន្ត្រីកងយោធពលខេមរភូមិន្ទ និងមន្ត្រីនគរបាលជាតិ មិនអាចទទួលបានគោរមងារជា ឧកញ៉ា អ្នកឧកញ៉ា ឬលោកអ្នកឧកញ៉ា ទៀតនោះទេ។ នេះបើតាមព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា ដែលព្រះមហាក្សត្រទើបឡាយព្រះហស្ថលេខា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ។
ព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា ជំពូកទី៤ អំពីលក្ខខណ្ឌនិងលក្ខណសម្បត្តិដែលត្រូវផ្តល់គោរមងារឧកញ៉ា ត្រង់មាត្រា៦ និងមាត្រា៧ បានចែងថា គោរមងារឧកញ៉ាលំដាប់ថ្នាក់ណាមួយ (លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឬឧកញ៉ា) ត្រូវផ្តល់ជូនដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដោយផ្អែកតាមគុណបំណាច់របស់រូបវន្តបុគ្គលម្នាក់ៗនោះ ក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិ។
គុណបំណាច់នៃការចូលរួមអភិវឌ្ឍ និងកសាងជាតិមានជាអាទិ៍ ការផ្តល់អំណោយជាថវិកា ការចូលរួមបរិច្ចាគធនធានទ្រព្យសម្បត្តិ សម្ភារបរិក្ខានានាជូនរដ្ឋ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ដែលក្នុងនោះមានផ្លូវ ស្ពាន សាលារៀន វត្ត អគារសាធារណៈជាដើម ស្នាដៃពិសេសក្នុងវិស័យណាមួយ ឬរបកគំហើញនូវបច្ចេកវិទ្យាថ្មីៗណាមួយ ដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។
ទំហំទឹកប្រាក់នៃអំណោយជាថវិកា តម្លៃសរុបនៃការផ្តល់អំណោយ ស្នាដៃពិសេស និងរបកគំហើយនូវបច្ចេកវិទ្យាថ្មីៗ ដែលត្រូវផ្តល់ជូនគោរមងារឧកញ៉ាលំដាប់ថ្នាក់ណាមួយ ត្រូវកំណត់ដោយអនុក្រឹត្យ។ ក្រៅពីលក្ខខណ្ឌដែលបានកំណត់ខាងលើ រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលត្រូវផ្តល់គោរមងារឧកញ៉ា ត្រូវមានលក្ខណសម្បត្តិមួយចំនួនដូចជា៖ មានប្រវត្តិរូបច្បាស់លាស់ មានកិរិយាមាយាទល្អ មិនធ្លាប់ត្រូវបានផ្តន្ទាទោសបទឧក្រិដ្ឋឬបទមជ្ឈិមណាមួយ និងប្រកបមុខរបរស្របច្បាប់។
ជាមួយគ្នានេះ មាត្រា៨ បានចែងយ៉ាងច្បាស់បន្ថែមទៀតថា គោរមងារឧកញ៉ា មានវិសមិតភាពជាមួយមន្ត្រីរាជការសាធារណៈ ដែលកំពុងបំពេញការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល មន្ត្រីកងយោធពលខេមរភូមិន្ទ និងមន្ត្រីនគរបាលជាតិ។
គួររំឭកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៩ បានដាក់បទបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធរួមមានទាហាន នគរបាល និងកងរាជអាវុធហត្ថ ត្រូវជ្រើសរើសជាបន្ទាន់ថាតើត្រូវយកងារ ឧកញ៉ា ឬយកតួនាទីរបស់ខ្លួន ប៉ុន្តែសម្តេចពុំបានបញ្ជាក់ច្បាស់អំពីមន្ត្រីរាជការស៊ីវិលនោះទេ។ ទោះយ៉ាងណា ព្រះរាជក្រឹត្យថ្មី ស្តីពីគោរមងារឧកញ៉ានេះ បានកំណត់ច្បាស់តែម្តងគឺ មន្ត្រីរាជការសាធារណៈគ្រប់ប្រភេទ មិនអាចមានគោរមងារឧកញ៉ានោះទេ៕