ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា ផាត់ ប៊ុន ជា «អ្នកឧកញ៉ា» នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកឧកញ៉ា ផាត់ ប៊ុន កើតឆ្នាំ១៩៥៥ នៅឃុំស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ លោកឧកញ៉ា ជាម្ចាស់ និងជាអគ្គនាយកក្រុមហ៊ុន ប៊ី ភី ស៊ី គ្រុប (BPC Group), សហស្ថាបនិកក្រុមហ៊ុន B&BM Development Co.,Ltd និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា។

កន្លងមក លោកឧកញ៉ា បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា។ លោកឧកញ៉ា ត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
ជាក់ស្តែង កាលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងវេទិកា “សប្តាហ៍នៃការគាំពារសង្គមឆ្នាំ២០២៣ (“SCW 2023”) លោកឧកញ៉ាប្រធានក្រុមហ៊ុន BPC Group ក៏ទទួលបាននូវការទទួលស្គាល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះការរួមចំណែករបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍកិច្ចគាំពារសង្គមនៅក្នុងប្រទេសកម្ពុជាផងដែរ៕
