ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា ជា ទ្រី ជា «អ្នកឧកញ៉ា» នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកឧកញ៉ា ជា ទ្រី វ័យ៤៨ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ លោកឧកញ៉ា ជាអគ្គនាយកក្រុមហ៊ុន ហុង ឡេងហ៊ួរ គ្រុប ដែលជាក្រុមហ៊ុននាំចូលទំនិញចម្រុះពីប្រទេសចិន តាមរយៈផែស្ងួតតាមកុងតឺន័រ និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា។

កន្លងមក លោកឧកញ៉ា បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា។ លោកឧកញ៉ា ត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ពីព្រះមហាក្សត្រផងដែរ៕
